FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !

22-10-2026 15:35

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងលេខ ៣៦១៤៨ អពដ ដើម្បីជាការរំលឹកកាតព្វកិច្ច ប្រកាស​ និងបង់ប្រាក់ពន្ធ លើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវផុតកំណត់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

លោកអ្នកអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនបាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមបណ្តាសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារពាណិជ្ជ ដែលបានចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានសាខានៅទូទាំងប្រទេស ឬកាន់តែងាយស្រួលជាងនេះទៀត សម្រាប់យានយន្តដែលធ្លាប់ បានប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនកន្លងមក អាចប្រើប្រាស់កម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) ដើម្បីបង់ពន្ធនេះបានពីគ្រប់ទីកន្លែង។

ក្នុងករណីម្ចាស់កម្មសិទ្ធិយានយន្ត មិនបានបំពេញកាតព្វកិច្ចពន្ធលើមធ្យោបាយដឹកជញ្ជូនទាន់ពេលវេលា ឬខកខានមិនបានប្រកាស និងបង់ប្រាក់ពន្ធម្ចាស់កម្មសិទ្ធិយានយន្ត នឹងត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែមចំពោះការយឺតយ៉ាវ ក្នុងការបង់ពន្ធត្រូវស្មើនឹង ១០០% នៃប្រាក់ពន្ធត្រូវបង់) ស្របតាមច្បាប់ស្តីពីពន្ធដារជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីត្រួតពិនិត្យពន្ធលើមធ្យោបាយដឹកជញ្ជូន នៅតាមទីតាំងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) នីមួយៗទូទាំងប្រទេស និងបន្តចេញលិខិតជូនដំណឹងដល់លំនៅឋានម្ចាស់យានយន្ត ដែលមិនទាន់បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន។

ជាមួយគ្នានេះ ម្ចាស់យានយន្ត អាចទាញយកខិត្តប័ណ្ណពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់សិក្សាឈ្វេងយល់ពីចំណុចសំខាន់ៗនៃពន្ធនេះ រួមមាន៖
* កម្មវត្ថុពន្ធ និងនិយមន័យពាក្យគន្លឹះសំខាន់ៗ
* ការលើកលែងពន្ធ
* អត្រាពន្ធ និងការគណនាប្រាក់ពន្ធ
* កាតព្វកិច្ច និងបែបបទនៃការប្រកាសនិងបង់ប្រាក់ពន្ធ
* ឯកសារភ្ជាប់សម្រាប់ការចុះបញ្ជីឬធ្វើបច្ចុប្បន្នភាពយានយន្ត និង
* របៀបប្រើប្រាស់កម្មវិធីគណនាពន្ធលើមធ្យោបាយដឹកជញ្ជូន (GDT Means of Transportation Tax Calculation)៕