ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ពិនិត្យ ផ្តល់ការសម្របសម្រួលដល់គម្រោងវិនិយោគ ២ ក្នុងវិស័យកសិកម្ម ដែលមានទុនជាង៤០លានដុល្លារ
21-10-2026 19:35
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) នាថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំលើកទី៧ ដើម្បីពិនិត្យ និងផ្តល់ការសម្របសម្រួលដល់គម្រោងវិនិយោគចំនួន ២ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។
គម្រោងវិនិយោគទាំងពីរនេះ រួមមានការដាំដុះឈើដាំ (ដើមកៅស៊ូ ដើមគរ ដើមប្រេងខ្យល់) និងរោងចក្រកែច្នៃឈើដាំ ដែលនឹងបន្ថែមមូលធនប្រមាណ ៤២ លានដុល្លារអាម៉េរិក ចូលក្នុងសេដ្ឋកិច្ចកម្ពុជា។
លោកបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះមានបេសកកម្មសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការវិនិយោគ ជាពិសេសក្នុងបរិបទដែលសេដ្ឋកិច្ចកំពុងប្រឈមនឹងពហុវិបត្តិ។
កិច្ចប្រជុំបានពិភាក្សាដោយសង្កត់ធ្ងន់លើការសម្របសម្រួល និងជំរុញនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ និងការកំណត់អត្តសញ្ញាណដីសុវត្ថិភាព ដែលអាចផ្តល់ជូនក្រុមហ៊ុន សម្រាប់បង្កើនការវិនិយោគលើការដាំដុះ និងកែច្នៃផលិតផលឈើដាំ នៅលើដីសម្បទានសេដ្ឋកិច្ច និងដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ។ ការចុះបញ្ជីដីរដ្ឋ និងការកំណត់អត្តសញ្ញាណដីឱ្យបានច្បាស់លាស់ មានសារសំខាន់យ៉ាងខ្លាំងក្នុងការបង្កើនទំនុកចិត្តជូនវិនិយោគិន សម្រាប់ការអនុវត្តផែនការវិនិយោគរបស់ក្រុមហ៊ុន ។
ទន្ទឹមនេះ ក្រុមហ៊ុនបានស្នើសុំការអនុញ្ញាតសាងសង់ផ្លូវ និងស្ពាននៅទីតាំងគម្រោង ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន។ កិច្ចប្រជុំ បានពិភាក្សា និងវាយតម្លៃ លើសមត្ថភាពអនុវត្តគម្រោង និងអនុលោមភាពគតិយុត្ត ដែលក្រុមហ៊ុនត្រូវបំពេញផងដែរ ។ អង្គប្រជុំបានឯកភាពផ្តល់ការគាំទ្រ និងសម្របសម្រួលនីតិវិធីខាងលើជូនក្រុមហ៊ុន ។
លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា កិច្ចការនេះមានភាពប្រទាក់ក្រឡាគ្នាខ្លាំង ដែលមិនអាចក្រសួង ឬស្ថាប័នណាមួយ ដោះស្រាយតែម្នាក់ឯងបាន ដូច្នេះហើយការខិតខំសម្របសម្រួលប្រកបដោយស្មារតីបុរេសកម្ម និងការប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» គឺមានភាពចាំបាច់មិនអាចខ្វះបាន ដើម្បីផ្តល់នូវដំណោះស្រាយជាកញ្ចប់ជូនដល់ក្រុមហ៊ុន រួមបញ្ចូលទាំង ៖ ១).ការចូលរួមស្វែងរកដី សម្រាប់គម្រោងវិនិយោគសក្តានុពលថ្មីៗ ដែលផ្តល់ផ្លែផ្កាជូនប្រជាជនក្នុងតំបន់ និង ប្រទេសជាតិ, ២).ការចូលរួមដោះស្រាយបញ្ហាទន្រ្ទានកាន់កាប់ដីខុសច្បាប់របស់ប្រជាពលរដ្ឋ លើដីដែលក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគរួចហើយ, ៣).ការសម្របសម្រួលលើការផ្តល់នីត្យានុកូលកម្មជូនគម្រោងវិនិយោគលើសម្បទានដីសេដ្ឋកិច្ចមានស្រាប់ ដើម្បីធានាចីរភាពរយៈពេលវែង និង ផ្តល់ទំនុកចិត្តសម្រាប់ការវិនិយោគថ្មីបន្ថែមទៀតនៅលើដីទំនេរ ឱ្យអស់សក្តានុពល ។
លោកបណ្ឌិតសភាចារ្យ បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋាន បន្តចូលរួមក្នុងការងារនេះ ដោយបន្តផ្តល់នូវការសម្របសម្រួលជាអតិបរមា តាមដែនសមត្ថកិច្ចរៀងៗខ្លួន សំដៅរួមគ្នាបំផុស និងជំរុញការវិនិយោគក្នុងភូមិភាគឦសាន ឱ្យពេញសក្តានុពល ។
ទន្ទឹមគ្នានេះ លោកបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណចំពោះសមាជិក-សមាជិកានៃ ក្រុមការងារ ចំពោះការខិតខំផ្តល់កិច្ចសម្របសម្រួលជូនវិនិយោគិន សំដៅធ្វើឱ្យកម្មវិធីពិសេសដ៏មានសារៈសំខាន់នេះ ទទួលបានជោគជ័យខ្ពស់ សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រទេសជាតិ និង ប្រជាជនកម្ពុជា ៕




