ក្រុមហ៊ុនដែលផ្គត់ផ្គង់គ្រាប់ធញ្ញជាតិជាង ៤០ឆ្នាំនៅទីផ្សាចិន ចំណូល៤ពាន់លានដុល្លារក្នុង១ឆ្នាំ ស្វែងរកឱកាសវិនិយោគក្នុងវិស័យស្វាយចន្ទី នៅកម្ពុជា
21-10-2026 09:04
(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោក Zhou Jiesheng (ចូវ ជាសឹង) នាយកប្រតិបត្តិក្រុមហ៊ុន Guangdong Nan Xing Rainbow Nut Co., Ltd. ដែលធ្វើទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់ ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ជាពិសេស ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មស្វាយចន្ទី។
លោកអគ្គលេខាធិការ បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបានផ្តួចផ្តើមបង្កើតតំបន់សេដ្ឋកិច្ចពិសេស ឯកទេសឧស្សាហកម្មកែច្នៃស្វាយចន្ទី ស្ថិតនៅខេត្តកំពង់ធំ ដោយផ្តល់នូវការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការលើកទឹកចិត្តពិសេស លើសពីច្បាប់វិនិយោគ។
បន្ថែមលើនេះ ក្រៅពីវិស័យស្វាយចន្ទី លោកអគ្គលេខាធិការក៏បានស្នើឱ្យក្រុមហ៊ុនគិតគូរវិនិយោគកែច្នៃកសិផលផ្សេងទៀត ដែលមានសក្តានុពលខ្ពស់ ដូចជា ដំទ្បូងមី ស្រូវអង្ករ និងកៅស៊ូ ជាដើមដែលក្រុមហ៊ុនអាចធ្វើការកែច្នៃ ដើម្បីទាញយកផលចំណេញជាអតិបរិមា។
លោក Zhou Jiesheng បានបញ្ជាក់ថា ក្រុមហ៊ុនរបស់ខ្លួនជាក្រុមហ៊ុនផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ដូចជាស្វាយចន្ទី គ្រាប់អាល់ម៉ុន គ្រាប់រីករាយ (Pistachio nut) ។ល។ នៅក្នុងទីផ្សារប្រទេសចិនប្រមាណ៤០ឆ្នាំ ដោយមានផលរបរប្រចាំឆ្នាំប្រមាណ ៤ប៊ីលានដុល្លារអាម៉េរិក/ឆ្នាំ។
ក្រុមហ៊ុនមានបំណងពង្រីកការវិនិយោគមកកម្ពុជា ដោយបណ្តាក់ទុនវិនិយោគក្នុងការកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ទន្ទឹមនេះ ក្រុមហ៊ុនក៏មានបំណងទាក់ទាញក្រុមហ៊ុនផលិតម៉ាស៊ីនកែច្នៃស្វាយចន្ទីរបស់ចិន មកសិក្សាធ្វើការដំឡើងនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ដល់រោងចក្រកែច្នៃនៅក្នុងស្រុកផងដែរ។
លោកបានបន្ថែមថា ក្រៅពីការសំទ្បឹងឃើញពីសក្តានុពលនៃវិស័យស្វាយចន្ទី លោកក៏មានបំណងនាំចូលគ្រាប់ផ្លែរីករាយពីសហរដ្ឋអាម៉េរិក មកកែច្នៃនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអាម៉េរិកផងដែរ។
លោកសង្ឃឹមថាតាមរយៈជំនួបលើកនេះ ក្រុមហ៊ុននឹងមានព័ត៌មានគ្រប់ជ្រុងជ្រោយ ក្នុងការសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលឆាប់ៗខាងមុខ។
លោកអគ្គលេខាធិការបានបញ្ជាក់ពីការត្រៀមខ្លួនរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុន ក្នុងដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕












