FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦

20-10-2026 10:58

(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២៦ ពោលចាប់ខែមករា ដល់ខែកញ្ញា កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស ជាង៤.៥លាននាក់ ថយចុះ១១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

លោក ស៊ីន ចាន់សិរីវត្ថា បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ (ខែមករា ដល់ ខែកញ្ញា) អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា រួមមានអាកាសយានដ្ឋានតេជោ អាកាសយានដ្ឋានសៀមរាបអង្គរ និងអាកាសយានដ្ឋានព្រះសីហនុ បានទទួលអ្នកដំណើរចេញ-ចូលសរុបចំនួន ៤,៥៥៨,១៥៥ នាក់។ តួលេខនេះ បានបង្ហាញពីការថយចុះ ១១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

លោក ស៊ីន ចាន់សិរីវត្ថា បានបន្ថែមទៀតថា ទន្ទឹមនឹងការថយចុះចំនួនអ្នកដំណើរ និងជើងហោះហើរចេញ-ចូល (៤៦,៧២១ ជើង ថយចុះ ២%) វិស័យដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនឡើងគួរឱ្យកត់សម្គាល់។

ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបានដឹកជញ្ជូនទំនិញតាមផ្លូវអាកាសសរុបចំនួន ៧៦,២៩៤ តោន ដែលជាការកើនឡើង ១៨% បើធៀបនឹងឆ្នាំ២០២៥។ ជាមួយគ្នានេះ ជើងហោះហើររំលងដែនអាកាសកម្ពុជាក៏មានការកើនឡើង ៨% ផងដែរ ដោយសម្រេចបាន ៦៩,១៤៩ ជើង។

បើតាមលោក ស៊ីន ចាន់សិរីវត្ថា, គិតមកដល់ឆ្នាំ២០២៦នេះ កម្ពុជាមានកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាស (ASA) ចំនួន ៤៨ ជាមួយបណ្តាប្រទេសនានាទូទាំងពិភពលោក រួមមានប្រទេសក្នុងតំបន់អាស៊ាន អាស៊ីខាងកើត អាស៊ីនិរតី អាស៊ីខាងលិច ទ្វីបអឺរ៉ុប មហាសមុទ្រ អាមេរិកខាងជើង អាមេរិកខាងត្បូង និងទ្វីបអាហ្វ្រិក៕