អ្នកជំនាញសេដ្ឋកិច្ច លើកទឹកចិត្តអ្នករៀបអាពាហ៍ពិពាហ៍ ប្រើប្រាស់ផលិតផលក្នុងស្រុក សម្រាប់តុបតែងពិធីមង្គលការ រួមចំណែកជំរុញសេដ្ឋកិច្ចជាតិ
18-10-2026 15:53
(ភ្នំពេញ)៖ ការផ្លាស់ប្ដូរឥរិយាបទពីការនាំចូលផ្កាស្រស់ពីបរទេស មកប្រើប្រាស់ផលិតផលក្នុងស្រុក ដូចជាស្រូវ ឬផ្កាសម្រាប់តុបតែងលម្អក្នុងពិធីមង្គលការ កំពុងក្លាយជាជម្រើសមួយ ដែលមិនត្រឹមតែបង្ហាញពីភាពច្នៃប្រឌិតប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ ដល់សេដ្ឋកិច្ចជាតិទៀតផង។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការផ្លាស់ប្ដូរនេះ គឺជាការផ្លាស់ប្ដូរផ្នត់គំនិតដ៏ល្អសម្រាប់យុវជនខ្មែរ។ ដូច្នេះហើយ លោកលើកទឹកចិត្តអ្នកដែលរៀបអាពាហ៍ពិពាហ៍ ប្រើប្រាស់ផលិតផលក្នុងស្រុក សម្រាប់តុបតែងពិធីមង្គលការ ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ។
លោកបណ្ឌិតបានបន្តថា ការជ្រើសរើសប្រើប្រាស់ផលិតផលក្នុងស្រុក សម្រាប់តុបតែងពិធីមង្គលការ ក៏ជាការបណ្ដុះស្មារតីឱ្យយុវជន ដែលទើបតែរៀបការថ្មីថ្មោង ចេះស្រឡាញ់ធម្មជាតិ និងអ្វីដែលខ្មែរយើងមាន។ អ្វីដែលសំខាន់ជាងនេះទៅទៀត ការប្រើប្រាស់ផលិតផលក្នុងស្រុកជួយកាត់បន្ថយការខ្ជះខ្ជាយថវិកាចេញទៅក្រៅប្រទេស ហើយអនុញ្ញាតឱ្យថវិកានេះវិលជុំនៅក្នុងប្រទេសវិញ។
លោកបន្ថែមថា «នេះគឺជាកត្តាដ៏សំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក ជាជាងការលេចធ្លាយនៃថវិកាតាមរយៈការទិញផ្កាពីក្រៅប្រទេសរាប់លានដុល្លារ»។
ស្រដៀងគ្នាបណ្ឌិត គី សេរីវឌ្ឍន៍ ដែរ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ជារឿងល្អ និងជួយដល់សេដ្ឋកិច្ចរបស់ជាតិយើង ប្រសិនបើក្នុងពិធីមង្គលការនាំគ្នាប្រើប្រាស់ផលិតផលក្នុងស្រុក ព្រោះកន្លងទៅយើងឃើញថា ផលិតផលមួយចំនួនធំ ពិសេសផ្កាស្រស់ នាំំចូលពីប្រទេសជិតខាងយើង ដែលនាំឱ្យលុយត្រូវហូរចេញទៅក្រៅច្រើន។
ការគាំទ្រផលិតផលក្នុងស្រុកសម្រាប់ពិធីមង្គលការ មិនត្រឹមតែជាការលើកស្ទួយវប្បធម៌ និងធនធានធម្មជាតិប៉ុណ្ណោះទេ ថែមទាំងជាការវិនិយោគផ្ទាល់ទៅលើសេដ្ឋកិច្ចជាតិ និងការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋខ្មែរផងដែរ៕












