កម្ពុជាចំណាយជាង ១៦៣លានដុល្លារ ទិញស្ករសពីបរទេស កើនជាង៧០%
15-10-2026 16:29
(ភ្នំពេញ)៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចូលស្ករស ក្នុងទំហំទឹកប្រាក់សរុបចំនួន ១៦៣លានដុល្លារអាមេរិក។
បើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម, រយៈពេល៩ខែ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចូលស្ករស ក្នុងទំហំទឹកប្រាក់ចំនួន១៦៣លានដុល្លារ កើនឡើង៧៣.៨៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២៥ មានចំនួន៩៤លានដុល្លារ។
ដោយឡែកចំពោះការនាំចេញវិញ កម្ពុជាបាននាំចេញស្ករ ក្នុងទំហំទឹកប្រាក់ចំនួន១៨.៩លានដុល្លារ ធ្លាក់ចុះ៥៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២៥ មានចំនួន ៤៥លានដុល្លារ។
បើតាមលោក ហេង សុគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, គិតមកទល់បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតស្ករស ពីអំពៅចំនួនពីរ គឺរោងចក្រកំពង់ស្ពឺស៊ូហ្គ័រ នៅខេត្តកំពង់ស្ពឺ និងរោងចក្ររបស់ក្រុមហ៊ុនកាម៉ាដេនូ វេនឈរ នៅខេត្តក្រចេះ។
រោងចក្រកំពង់ស្ពឺស៊ូហ្គ័រ មានសមត្ថភាពផលិតប្រមាណ ១៤ម៉ឺនតោនក្នុងមួយឆ្នាំ (ទិន្នន័យឆ្នាំ២០២៥) និងរោងចក្ររបស់ក្រុមហ៊ុនកាម៉ាដេនូ វេនឈរ មានសមត្ថភាពផលិត ១៥ ០០០តោន ក្នុងមួយឆ្នាំ ដែលទើបតែចាប់ផ្ដើមដំណើរការឡើងវិញ ក្រោយផ្អាកអស់រយៈពេល១០ឆ្នាំ។
លោក ហេង សុគង់ បានឱ្យដឹងថា បច្ចុប្បន្នតម្រូវការប្រើប្រាស់ស្ករសនៅកម្ពុជា ទាំងសម្រាប់ការបរិភោគ ធ្វើបង្អែម និងឧស្សាហកម្ម មានទំហំជាមធ្យមប្រមាណ ២៥ម៉ឺនតោនក្នុងមួយឆ្នាំ។ ជាមួយសមត្ថភាពផលិតត្រឹមតែជាង ១៥ម៉ឺនតោន តម្រូវឱ្យកម្ពុជានៅតែត្រូវនាំចូលស្ករសពីប្រទេសជិតខាងដូចជា វៀតណាម ថៃ ចិន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។
ទោះជាយ៉ាងណា លោករំពឹងថានៅឆ្នាំ២០២៧ ផលិតកម្មស្ករសនៅកម្ពុជា នឹងអាចផលិតបានរហូតដល់ជាង ២៦ម៉ឺនតោន បំពេញបាននូវតម្រូវការប្រើប្រាស់បច្ចុប្បន្នគ្រប់គ្រាន់ ខណៈរោងចក្រកំពង់ស្ពឺ Sugar កំពុងពង្រីកខ្សែច្រវាក់ផលិតកម្មបន្ថែម។
ជាមួយគ្នានេះ លោក ហេង សុគង់ បានឱ្យដឹងដែរថា កន្លងមកកម្ពុជាក៏ធ្លាប់បានផលិតស្ករឆៅ (raw sugar) និងនាំចេញទៅកាន់ប្រទេសជាច្រើនដូចជា វៀតណាម អេស្ប៉ាញ អ៊ីតាលី ព្រុយណេ និងស្រីលង្កា៕


