FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញ​ដឹកជញ្ជូន៖ ថ្លៃដឹកជញ្ជូន​នៅកម្ពុជាបាន​កើនឡើង២ទៅ៤ដង ​ទាមទារឱ្យកម្ពុជា បត់បែនយុទ្ធសាស្ត្រនាំចេញ ដើម្បីរក្សាភាពប្រកួតប្រជែង (​Video inside)

15-10-2026 09:55

(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី ​អគ្គនាយកក្រុមហ៊ុន ឡាញហល អេចប្រេស និងជាអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានលើកឡើងថា ការកើនឡើងថ្លៃដឹកជញ្ជូនទំនិញជាសកល ដែលបណ្ដាលមកពីជម្លោះភូមិសាស្ត្រនយោបាយ និងបញ្ហាសមុទ្រក្រហម បានជំរុញឱ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃ និងបង្កជាបន្ទុកដល់ការនាំចេញរបស់កម្ពុជា​ ដោយថ្លៃដឹកជញ្ជូនបានកើ​នឡើងពី២ទៅ៤ដង។

លោកបានកត់សម្គាល់ថា បច្ចុប្បន្ន ​ថ្លៃដឹកជញ្ជូនកុងតឺន័រទំហំ ៤០ ហ្វីត ទៅកាន់ទីផ្សារឆ្ងាយៗដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងសហគមន៍អឺរ៉ុប បានកើនឡើងពីប្រមាណ ៣,០០០ ដុល្លារ ទៅដល់ ៨,០០០ និង១៣,០០០ ដុល្លារ ដែលជាការកើនឡើង ២ ទៅ ៤ ដង។

លោកឧកញ៉ាបណ្ឌិតបានបន្តថា ការកើនឡើងថ្លៃដឹកជញ្ជូននេះ បានប៉ះពាល់យ៉ាងខ្លាំងដល់ថ្លៃដើមផលិត និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាលើទីផ្សារអន្តរជាតិ។ យ៉ាងណាមិញ កម្ពុជាបាននិងកំពុងបត់បែនយុទ្ធសាស្ត្រនាំចេញរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហានេះ។

យុទ្ធសាស្ត្រសំខាន់ៗរួមមាន ការផ្លាស់ប្ដូររបៀបដឹកជញ្ជូនពីការប្រើប្រាស់កុងតឺន័រតូចៗ ទៅជាការប្រើប្រាស់កប៉ាល់ធំៗ ដែលអាចផ្ទុកទំនិញបានច្រើន។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនបានផ្លាស់ប្តូរពីការដឹកជញ្ជូនតាមរយៈកុងតឺន័រ មកដឹកតាមកាប៉ាល់ធំៗវិញ ដែលអាចផ្តុកបានបរិមាណច្រើន​ ដើម្បីកាត់បន្ថយថ្លៃដើម​។

ក្រៅពីនេះ កម្ពុជាក៏បានពង្រីក និងបង្វែរទិសដៅទីផ្សារនាំចេញរបស់ខ្លួន ដោយផ្តោតសំខាន់លើទីផ្សារក្នុងតំបន់អាស៊ាន ដែលមានចម្ងាយជិត និងថ្លៃដឹកជញ្ជូនទាបជាង ដោយបានកើនឡើងប្រមាណ ១៥%​ បើធៀបនឹងទីផ្សារឆ្ងាយៗ។ ជាក់ស្ដែង ការនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី បានកើនឡើងគួរឱ្យកត់សម្គាល់។

ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជានៅតែបន្តខិតខំរក្សា និងពង្រឹងទីផ្សារប្រពៃណីនៅអឺរ៉ុប និងអាមេរិកផងដែរ ក្នុងករណីដែលអាចរក្សាបាននូវភាពប្រកួតប្រជែង។ យុទ្ធសាស្ត្របត់បែននេះ គឺដើម្បីធានាថាផលិតផលកម្ពុជានៅតែមានតម្លៃទាប និងអាចប្រកួតប្រជែងបាននៅលើទីផ្សារសកល៕

​សូមស្តាប់ការលើកឡើងបន្ថែមរបស់ ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី៖