FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាដាក់គោលដៅពង្រីកការដាំកាហ្វេ និងបង្កើនផលិតកម្មកាហ្វេឱ្យបាន ៣០ម៉ឺនតោន ខណៈបច្ចុប្បន្នចំណាយជាង ៧០លានដុល្លារក្នុង១ឆ្នាំ នាំចូលគ្រាប់កាហ្វេ មកបំពេញតម្រូវការក្នុងស្រុក

14-10-2026 17:29

(ភ្នំពេញ)៖ សមាគមកាហ្វេកម្ពុជា បានបង្ហាញពីចក្ខុវិស័យ ក្នុងការបង្កើនផលិតកម្មកាហ្វេនៅកម្ពុជា ដោយកំណត់គោលដៅបង្កើនផលិតកម្ម ពង្រីកផ្ទៃដីដាំដុះឱ្យបាន៣០ម៉ឺនតោន ដើម្បីកាត់បន្ថយការនាំចូល និងពង្រីកទីផ្សារក្នុងស្រុក លើកកម្ពស់គុណភាព និងពង្រឹងសមត្ថភាពប្រកួតប្រជែងនៅទីផ្សារជាតិ និងអន្តរជាតិ ដើម្បីរួមចំណែកបង្កើតចំណូលគោលដៅចំនួន១,២ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០៥០។

បើយោងតាមរបាយការណ៍របស់សមាគមកាហ្វេកម្ពុជា បានបញ្ជាក់ថា ក្នុងមួយឆ្នាំៗកម្ពុជាចំណាយប្រាក់ខ្ទង់៧២លានដុល្លារអាម៉េរិក លើការនាំចូលគ្រាប់កាហ្វេពីបរទេស ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈពលរដ្ឋកម្ពុជាដែលនិយមទទួលទានកាហ្វេ មានអាយុចន្លោះពី ២០ ដល់ ៦៩ឆ្នាំ ដោយមានតម្រូវការប្រចាំថ្ងៃប្រមាណ១,៥លានកែវ។

របាយការណ៍បានបញ្ជាក់ថា «អ្នកទទួលទានកាហ្វេមានចំនួន១,៥ លាននាក់ក្នុងមួយថ្ងៃ ចំណែកបរិមាណកាហ្វេមានចន្លោះ២០ក្រាម ក្នុងមួយពែងកាហ្វេ ដូច្នេះតម្រូវការកាហ្វេមានចន្លោះ៣០តោនក្នុងមួយថ្ងៃ ឬប្រហែល ១១ ២០០ តោនក្នុងមួយឆ្នាំ។
បរិមាណនេះសំដៅលើគ្រាប់កាហ្វេ ដែលមិនទាន់លីង (Green Bean) ឬគ្រាប់កាហ្វេបៃតង ដូច្នេះប្រសិនបើតម្រូវការទីផ្សារ មានទំហំដូចខាងលើនេះ នោះកម្ពុជាត្រូវការគ្រាប់កាហ្វេបៃតងប្រមាណ ១១ ២០០ តោនក្នុងមួយឆ្នាំ»។

លោក ឌុប ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា បានឱ្យដឹងថា «ការផលិតកាហ្វេក្នុងស្រុកមាន ១ ២៤៧តោន ជាចំនួនដែលមិនអាចផ្គត់ផ្គង់ការប្រើប្រាស់គ្រប់គ្រាន់នោះទេ ដូច្នេះកម្ពុជាត្រូវការការនាំចូលកាហ្វេពីបរទេសប្រមាណ ១២ ០០០តោនក្នុងមួយឆ្នាំ ដែលគិតជាទឹកប្រាក់ប្រមាណជា ៧២លានដុល្លារក្នុងមួយឆ្នាំ»។

លោកបានឱ្យដឹងថា សមាគមកាហ្វេកម្ពុជា ចង់ជំរុញការអភិវឌ្ឍវិស័យកាហ្វេឱ្យក្លាយជាវិស័យកសិកម្ម ដែលមានផលិតភាពខ្ពស់ មានស្តង់ដារគុណភាព និងអាចប្រកួតប្រជែងនៅទីផ្សារអន្តរជាតិ។ សម្រាប់កម្ពុជាត្រូវបង្កើនផលិតកម្មកាហ្វេក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងរក្សាចំណូលមួយផ្នែកឱ្យស្ថិតក្នុងសេដ្ឋកិច្ចជាតិ។

តាមក្របខណ្ឌគោលនយោបាយកាហ្វេកម្ពុជា ឆ្នាំ២០២៦-២០៥០ គោលដៅសំខាន់ក្នុងការអភិវឌ្ឍវិស័យកាហ្វេរួមមាន ការពង្រីកផ្ទៃដីដាំកាហ្វេឱ្យដល់ ១០០ ០០០ហិកតា និងបង្កើនផលិតកម្មគ្រាប់កាហ្វេបៃតងឱ្យដល់ ៣០០ ០០០តោន។ គោលដៅនេះមានបំណងជំរុញការអភិវឌ្ឍវិស័យកាហ្វេឱ្យកាន់តែមានសក្តានុពល និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។

ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាស Confirel ដែលកំពុងវិនិយោគដាំកាហ្វេ​ និងកាកាវ នៅខេត្តរតនគិរី នាពេលថ្មីៗនេះបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា គ្រាប់កាហ្វេកម្ពុជាពិតជាមានតម្រូវការច្រើន លោកគាំទ្រឱ្យមានការវិនិយោគដាំដំណាំកាហ្វេឱ្យនេះ ឱ្យបានច្រើនថែមទៀត ខណៈផ្ទៃដីនៅខេត្តរតនគិរី និងមណ្ឌលគិរីនៅទូលាយច្រើន ប៉ុន្តែម្ចាស់ដីមិនដាំ។

លោក ជិន ជ័យាបុត្រ ប្រធានក្រុមហ៊ុន គីរីកាហ្វេ (Kiri Coffee) ជាប្រេនកាហ្វេរបស់កូនខ្មែរ ទិញគ្រាប់កាហ្វេសុទ្ធពីខេត្តមណ្ឌលគិរី បានប្រកាសជំរុញឱ្យអ្នកមានដីនៅទីតាំងអំណោយផល សម្រាប់ដំណាំកាហ្វេ ដែលមាននៅខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ពោធិ៍សាត់ ជាដើម នាំគ្នាដាំដំណាំកាហ្វេ ព្រោះទីផ្សារកម្ពុជាមានត្រូវការច្រើន។

លោកបន្ថែថា​ នៅពេលប្រមូលផល ក្រុមហ៊ុនលោកធានាទទួលទិញផលវិញ ១០០% អស់បារម្ភរឿងទីផ្សារ ហើយមានកិច្ចសន្យាទទួលទិញគ្រាប់កាហ្វេពីបងប្អូនកសិករមកវិញ តាមតម្លៃទីផ្សារជាក់ស្តែង៕