FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

13-10-2026 10:52

(ភ្នំពេញ)៖ កម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពី «ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ (DTA)» ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការដែលនឹងផ្ដល់អត្ថប្រយោជន៍រវាងប្រទេសទាំងពីរទៅវិញទៅមក។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ។

ពិធីចុះហត្ថលេខា​លើកិច្ចព្រមព្រៀង DTA នេះត្រូវបានចុះហត្ថលេខាដោយលោកស្រី ​ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងលោកបណ្ឌិត Mikayil Jabbarov រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក្នុងនាមរដ្ឋាភិបាលអាស៊ែបៃហ្សង់ ​នៅវិមានប្រធានាធិបតី សាធារណរដ្ឋអាស៊ែបៃហ្សង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងឯកឧត្តម Ilham Aliyev ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់​ នៅ​ទី១២ ខែតុលា ឆ្នាំ២០២៦។

​ អាស៊ែបៃហ្សង់ គឺជាប្រទេសអឺរ៉ុបខាងកើតទីមួយ ដែលកម្ពុជាបានចុះកិច្ចព្រមព្រៀង DTA ជាមួយ ហើយនេះក៏ជាកិច្ចព្រមព្រៀង DTA ទី១៥ របស់កម្ពុជាជាមួយយុត្តាធិការដៃគូ។

តាមរយៈកិច្ចព្រមព្រៀងនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពន្ធដាររវាងកម្ពុជា និងអាស៊ែបៃហ្សង់ នឹងត្រូវបានពង្រឹងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលនឹងផ្ដល់អត្ថប្រយោជន៍ទៅវិញទៅមក។ DTA នឹងជួយកំណត់សិទ្ធិក្នុងការយកពន្ធ កំណើនមូលដ្ឋានគិតពន្ធតាមរយៈការទាក់ទាញវិនិយោគដោយផ្ទាល់ រំហូរមូលធន ការផ្ទេរបច្ចេកវិទ្យា និងជំនាញពីបរទេស ការការពារនិវាសនជនពីប្រព្រឹត្តិកម្មមិនត្រឹមត្រូវពាក់ព័ន្ធនឹងពន្ធ និងការការពារចំណូលពន្ធក្នុងស្រុក តាមរយៈកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការគេចវេះពន្ធរវាងប្រទេសទាំងពីរ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង DTA កម្ពុជា-អាស៊ែបៃហ្សង់ គឺជាសមិទ្ធផលថ្មីមួយទៀត ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពស្វាហាប់ និងវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា។
បច្ចុប្បន្នកម្ពុជាក៏បានបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងនេះជាមួយប្រទេសបារាំង និងកំពុងបន្តចរចាជាមួយបណ្តាប្រទេសដៃគូមួយចំនួនទៀតដូចជា ជប៉ុន ម៉ារ៉ុក អេមីរ៉ាតអារ៉ាប់រួម និងកាតា ជាដើម។ កិច្ចព្រមព្រៀងទាំងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា៕