FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យល់ដឹងពីជំនួញ៖ មន្ត្រីជំនាញជំរុញអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង SMEs ប្រើប្រាស់បច្ចេកវិទ្យាដើម្បីពង្រីកអាជីវកម្ម (Video inside)

11-10-2026 11:13

(ភ្នំពេញ)៖ លោកបណ្ឌិត កែវ សុជាតិ អគ្គនាយកវិទ្យាស្ថានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីជំរុញដំណើរការអាជីវកម្មរបស់ខ្លួន ដោយលោកបានសង្កត់ធ្ងន់លើការចាប់យកទីផ្សារឌីជីថល (Digital Marketing) និងឧបករណ៍បញ្ញាសិប្បនិម្មិត (AI tools) ដែលអាចជួយបង្កើនទីផ្សារ និងប្រសិទ្ធភាពអាជីវកម្ម។

លោកបណ្ឌិត កែវ សុជាតិ បានពន្យល់ថា ការប្រើប្រាស់បច្ចេកវិទ្យាដូចជាការផ្សព្វផ្សាយតាមបណ្ដាញសង្គម អាចជួយអាជីវករពង្រីកទីផ្សាររបស់ខ្លួនពីការលក់ដូរផ្ទាល់ទៅកាន់អតិថិជនគោលដៅកាន់តែទូលំទូលាយ។ ឧទាហរណ៍ អាជីវករលក់ខោអាវអាចរៀបចំវីដេអូខ្លីៗ ឬរូបភាពដើម្បីផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ខ្លួន ដែលនាំឱ្យមានការលក់ដូរបានច្រើនជាងមុន និងឈានដល់គោលការណ៍សេដ្ឋកិច្ចនៃទំហំ (Economy of Scale) ដែលកាត់បន្ថយថ្លៃដើម និងបង្កើនប្រាក់ចំណេញ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលតាមរយៈភ្នាក់ងារជាច្រើនដូចជា វិទ្យាស្ថានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ISTI) និងក្រសួងការងារ ក៏បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលដល់អាជីវករ និងសហគ្រាសធុនតូច និងមធ្យម ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជំរុញការលក់ និងធានាសុវត្ថិភាពក្នុងការប្រើប្រាស់។ លោកបានទទួលស្គាល់ថា ការផ្គត់ផ្គង់ការបណ្ដុះបណ្ដាលទាំងនេះត្រូវការពេលវេលា និងការពង្រីកវិសាលភាពបន្ថែមទៀត ដើម្បីអាចទៅដល់សហគ្រាសធុនតូច និងមធ្យមទាំងអស់៕

សូមស្ដាប់ពន្យល់បន្ថែមរបស់លោកបណ្ឌិត កែវ សុជាតិ៖