កម្ពុជារកចំណូលបាន ១ ៧២៣លានដុល្លារ ពីការនាំចេញសំបកកង់រថយន្ដ កើនជាង៧៧% ក្នុងរយៈពេល៩ខែឆ្នាំនេះ (Video inside)
10-10-2026 08:45
(ភ្នំពេញ)៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញសំបកកង់រថយន្ត ក្នុងតម្លៃប្រមាណ ១ ៧២៣លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។
របាយការណ៍បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជាបាននាំចេញសំបកកង់រថយន្ត ក្នុងតម្លៃជាង ១ ៧២៣លានដុល្លារ កើនឡើង៧៧.៤៦% បើ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ ដែលមានតម្លៃជាង៩៧១លានដុល្លារ។
ទីផ្សារដែលបានទិញសំបក់រថយន្តពីកម្ពុជាច្រើនជាង គឺសហរដ្ឋអាមេរិក។ ក្រៅពីនេះ កម្ពុជាបាននាំចេញទៅកាន់ ប្រេស៊ីល កាណាដា បារាំង អង់គ្លេស ហូងឡង់ អេស្ប៉ាញ អ៊ីតាលី អាហ្រ្វិកខាងត្បូង និងមិចស៊ីចកូ។
សូមជម្រាបថា គិតរហូត មកដល់ពេលនេះ រោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា បានកើនឡើងដល់ចំនួន ៨ រោងចក្រ ដែលបានបោះទីតាំងវិនិយោគនៅតំបន់សេដ្ឋកិច្ចចំនួន៥ នៅតាមបណ្តាដូចជាខេត្តស្វាយរៀង ព្រះសីហនុ និងខេត្តក្រចេះ។
កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូ សរុបប្រមាណ ៤៥ម៉ឺនហិកតា ផ្ដល់ទិន្នផលប្រមាណ ៤២ម៉ឺនតោនក្នុងមួយឆ្នាំ។
លោក គីន ឧត្តមមុនី ស៊ីណាត ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន PIC TIRE Co., LTD ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខ នូវផលិតផលសំបកកង់ឡានទាំងក្រៅ និងផលិតផល ដែលផលិតក្នុងប្រទេស ម៉ាក SAILUN បានឲ្យដឹងថា ការកើនឡើងនេះដោយសារតែទីផ្សារអឺរ៉ុប និងអាមេរិកមានត្រូវការកើនឡើង។ កើនឡើងបន្ទាប់ពីអឺរ៉ុប និងអាមេរិក ដាក់ពន្ធគយលើប្រទេសចិន។
លោកបន្ថែមថា នៅដើមឆ្នាំនេះមិនមែនកើនតែសំបកកង់ឡានផលិតនៅកម្ពុជាទេ វៀតណាម និងថៃ ក៏កើនឡើងផងដែរ។ ជាមួយគ្នានេះ ដើម្បីជំរុញឧស្សាហកម្មនេះក៏កាន់តែរីកចម្រើនថែមទៀត លោកស្នើឱ្យសម្រួលនីតិវិធីបែបបទ នៃការនាំចេញឱ្យកាន់តែងាយស្រួលថែមទៀត៕




