វេទិកាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦ ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច
10-10-2026 07:39
(ភ្នំពេញ)៖ វេទិកាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦ ជាវេទិកាដ៏មានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគរវាងកម្ពុជា និងវៀតណាម ព្រមទាំងជំរុញការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ធុរកិច្ច សំដៅស្វែងរកកាលានុវត្តភាពថ្មីៗ និងបង្កើនការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ។
វេទិកានេះរៀបចំឡើងជាពីរវគ្គ ដោយវគ្គទី១ ជាកិច្ចសន្ទនាធុរកិច្ចកម្ពុជា-វៀតណាម ដោយមានការចូលរួមពីលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងលោក Do Van Su អគ្គនាយកនៃស្ថាប័នវិនិយោគបរទេស នៃក្រសួងហិរញ្ញវត្ថុវៀតណាម និងវគ្គទី២ ជាការអញ្ជើញចូលរូមដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Le Minh Hung នាយករដ្ឋមន្ត្រីវៀតណា។
សម្រាប់វគ្គទី១ លោក ជា វុទ្ធី បានថ្លែងសុន្ទរកថាស្វាគមន៍ក្នុង «វេទិកាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦» ដែលរៀបចំឡើងក្រោមស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ សមាគមធុរកិច្ច វិនិយោគិន និងធុរជននៃប្រទេសទាំងពីរ។
ក្នុងឱកាសនេះ លោកអគ្គលេខាធិការបានគូសរំលេចថា ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងវៀតណាមមានលក្ខណៈបំពេញបន្ថែមគ្នា និងនៅមានសក្តានុពលខ្ពស់សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
ទន្ទឹមនេះ លោកបានគូសបញ្ជាក់ពីកាលានុវត្តភាពវិនិយោគសំខាន់ៗ ដែលវិនិយោគិនវៀតណាមអាចពិចារណាចាប់យកនៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម និងកសិ ឧស្សាហកម្ម ដូចជា ការកែច្នៃកសិផល ឧស្សាហកម្មគាំទ្រ និងការផ្សារភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់។
ជាក់ស្តែង ការកើនឡើងនៃរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា បានបង្កើតតម្រូវការសម្រាប់ធាតុចូលផលិតកម្ម ដូចជាកៅស៊ូសំយោគ និងវត្ថុធាតុដើមគីមី ដែលជាឱកាសសម្រាប់វិនិយោគិនវៀតណាមពិចារណាបង្កើតសកម្មភាពកែច្នៃ និងផលិតធាតុចូលក្នុងស្រុក ដើម្បីបំពេញតម្រូវការឧស្សាហកម្មដែលមានស្រាប់។
ក្រៅពីនេះ កម្ពុជា និងវៀតណាម នៅមានឱកាសពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យឡូជីស្ទីក ឧស្សាហកម្មវេចខ្ចប់ ខ្សែច្រវាក់ត្រជាក់ ថាមពលស្អាត បច្ចេកវិទ្យាឌីជីថល និងសកម្មភាពឧស្សាហកម្មកម្មន្តសាលផ្សេងៗទៀត ដែលអាចរួមចំណែកបង្កើនតម្លៃបន្ថែមក្នុងស្រុក និងពង្រឹងសមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោកអគ្គលេខាធិការបានលើកឡើងពីការបន្តខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិយាកាសវិនិយោគ តាមរយៈការអនុវត្តច្បាប់ស្តីពីវិនិយោគ និងក្របខ័ណ្ឌគោលនយោបាយពាក់ព័ន្ធ ការដាក់ចេញកម្មវិធី និងកញ្ចប់លើកទឹកចិត្តពិសេស ព្រមទាំងការពង្រឹងយន្តការច្រកចេញចូលតែមួយ និងសេវាថែទាំវិនិយោគ ដើម្បីផ្តល់ភាពងាយស្រួល និងបង្កើនទំនុកចិត្តជូនវិនិយោគិន។
លោកអគ្គលេខាធិការបានលើកទឹកចិត្តឱ្យវិនិយោគិនវៀតណាមបន្តសិក្សាស្វែងយល់ និងចាប់យកកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដើម្បីពង្រីកធុរកិច្ច និងបង្កើតភាពជាដៃគូដែលមានផលប្រយោជន៍ទៅវិញទៅមក។ ការបំពេញបន្ថែមឧត្តមភាពសេដ្ឋកិច្ច និងការផ្សារភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់រវាងប្រទេសទាំងពីរ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកប ដោយចីរភាព៕










