អគ្គលេខាធិការ ជា វុទ្ធី អំពាវនាវដល់វិនិយោគិនវៀតណាម អនុវត្តន៍ពាក្យទំនៀមខ្មែរ «ជួញជិត ប្រសើរជាងជួញឆ្ងាយ» ដើម្បីកាត់បន្ថយហានិភ័យ និងមានឱកាសចំណេញខ្ពស់
10-10-2026 07:34
(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងពាក្យទំនៀមខ្មែរមួយឃ្លាថា «ជួញជិត ប្រសើរជាងជួញឆ្ងាយ» ទៅកាន់វិនិយោគិនវៀតណាម ដើម្បីកាត់បន្ថយហានិភ័យទាប និងមានឱកាសចំណេញខ្ពស់ ស្របពេលដែលកម្ពុជាមានសក្តានុពលធំធេងក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម និងអាចឱ្យដល់វិនិយោគិនវៀតណាម មានឱកាសចំនេញខ្ពស់។
លោក ជា វុទ្ធី បានស្នើដូចនេះនាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នាឱកាសថ្លែងសុន្ទរកថាស្វាគមន៍ក្នុង «វេទិកាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦» សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
លោក ជា វុទ្ធី បានថ្លែងដូនចនេះថា «ខ្ញុំសូមជូនសារបន្ថែមជាពាក្យទំនៀមខ្មែរមួយឃ្លាជូនវិនិយោគិន និងធុរជនទាំងអស់ដែលមានវត្តមាននៅទីនេះថា «ជួញជិត ប្រសើរជាងជួញឆ្ងាយ» ព្រោះថាជួញជិតចំណាយតិច ចំណេញពេលវេលា ហានិភ័យទាប និងមានឱកាសចំណេញខ្ពស់។
លោក ជា វុទ្ធី បានបន្ថែមថា «ជិត» ក្នុងឃ្លានេះ គឺសំដៅលើកម្ពុជានេះឯង ដែលជាទីតាំងពោរពេញដោយសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន ដែលវិនិយោគិនវៀតណាម គួររួសរាន់ធ្វើការសម្រេចចិត្ត ដើម្បីទាញយកផលប្រយោជន៍ពីការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ឧត្តមភាពដែលអាចបំពេញបន្ថែមគ្នាទៅវិញទៅមករបស់កម្ពុជា និងវៀតណាម គឺជាកត្តាអំណោយផលសម្រាប់ការផ្សារភ្ជាប់សេដ្ឋកិច្ចជាមួយគ្នា សំដៅបង្កើតផលប្រយោជន៍សេដ្ឋកិច្ចរួមសម្រាប់ ប្រទេសយើងទាំងពីរ ប្រកបដោយចីរភាព។
បើតាមលោក ជា វុទ្ធី ទំនាក់ទំនងវិនិយោគរបស់វៀតណាម គិតចាប់ពីឆ្នាំ១៩៩៤ រហូតដល់ខែកញ្ញា ឆ្នាំ២០២៦នេះ គម្រោងវិនិយោគវៀតណាម ដែលបានចុះបញ្ជីនៅកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន ១០៧គម្រោង ក្នុងទំហំទុនវិនិយោគ សរុបប្រមាណ ៣.៦ប៊ីលានដុល្លារអាម៉េរិក។
ក្នុងឆ្នាំ២០២៥កន្លងទៅ គម្រោងវិនិយោគវៀតណាមដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន ៧គម្រោង ក្នុងទំហំទុនប្រមាណ ៤០៨លានដុល្លារអាម៉េរិក ខណៈក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអនុម័តគម្រោងវិនិយោគវៀតណាមចំនួន ៤គម្រោងបន្ថែមទៀត ក្នុងទំហំទុន ប្រមាណ ៤៣.៣លានដុល្លារអាម៉េរិក៕

















