FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម្ចាស់ SMEs នៅកម្ពុជា នៅតែមានភាពរារែក និងខ្លាចរអាក្នុងការវិនិយោគទៅលើបច្ចេកវិទ្យា (Video inside)

09-10-2026 14:05

(ភ្នំពេញ)៖ លោកបណ្ឌិត កែវ សុជាតិ អគ្គនាយកវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងឱ្យដឹងថា ជាការពិត ម្ចាស់ SMEs នៅកម្ពុជា នៅតែមានភាពរារែក និងខ្លាចរអាក្នុងការវិនិយោគទៅលើបច្ចេកវិទ្យា។

ការលើកឡើងរបស់លោកបណ្ឌិត កែវ សុជាតិ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ការ គាំទ្រផ្នែកបច្ចេកវិទ្យា ដើម្បីពង្រឹងប្រសិទ្ធភាពផលិតកម្មរបស់ សហគ្រាសខ្នាតតូច និង មធ្យមនៅកម្ពុជា»។

លោកបណ្ឌិត កែវ សុជាតិ បានថ្លែងឱ្យដឹងថា ទោះបីថារាជរដ្ឋាភិបាល បានព្យាយាមជំរុញលើកកម្ពស់បច្ចេកវិទ្យា ដល់សហគ្រាសធនតូច និងមធ្យមទូទាំងប្រទេស ប៉ុន្តែពេលនេះ គឺសមត្ថភាពក៏ដូចជាលទ្ធភាព ក្នុងការចាប់យកនៅមានកម្រិតនៅឡើយ។ ជាក់ស្ដែងដូចសមត្ថភាពនៃការយល់ពី ការប្រើប្រាស់បច្ចេកវិទ្យា របស់ម្ចាស់អាជីវកម្ម និងកម្រិតបច្ចេកវិទ្យាដែលមានស្រាប់ គឺនៅមានគម្លាត។

លោកបណ្ឌិតបានបញ្ជាក់ថា នេះតម្រូវឱ្យមានអន្តរាគមន៍ ពីរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធចូលទៅជួយផ្ទេរចំណេះដឹង ជួយគាំទ្រ និងពន្យល់បន្ថែមធ្វើយ៉ាងណាឱ្យ ម្ចាស់អាជីវកម្មចាប់យកបច្ចេកវិទ្យា ព្រោះមានផលប្រយោជន៍សំខាន់ ទៅដល់ធុរកិច្ច និងអាជីវកម្មរបស់ពួកគាត់។

លោកបណ្ឌិតបានបញ្ជាក់ថា កត្តាមួយទៀតគឺវាពាក់ព័ន្ធនឹងចំណុចមុនដែរ នៅពេលដែលសមត្ថភាព របស់គាត់មានកម្រិតភាពស្ទាក់ស្ទើរនៃ ការវិនិយោគដែលគាត់ហ៊ានវិនិយោគ ទៅលើការបណ្ដុះបណ្ដាល ធនធានមនុស្ស មិនមែនបណ្ដុះបណ្ដាលទេគេហៅថា ពង្រឹងសមត្ថភាពអ្នកដែលប្រើប្រាស់បច្ចេកវិទ្យា ក៏ដូចជាការវិនិយោគទៅលើបច្ចេកវិទ្យា ក៏មានកម្រិតដែរ។

លោកបណ្ឌិតបានបន្ថែមថា មានការសិក្សាថ្មីៗដែលធ្វើឡើងប៉ុន្មានឆ្នាំកន្លងមកនេះ ជាក់ស្ដែងដូចនៅក្នុងវិស័យទេសចរណ៍ យើងឃើញមានការសម្ភាសន៍ ប៉ុន្មានរយសហគ្រាសនៅក្នុងវិស័យនេះ ក្នុងនោះទិន្នន័យ បង្ហាញថា សឹងតែមួយភាគបី ឬលើសពីមួយភាគបី នៃសហគ្រាស ដែលគាត់បានឆ្លើយនឹងសំណួរនោះ គឺមានការបារម្ភពីផលដែលបានពី ការវិនិយោគទៅលើការបណ្ដុះបណ្ដាលសមត្ថភាព ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ក៏ដូចជាការវិនិយោគលើបច្ចេកវិទ្យា។

ក្នុងនោះឃើញថា មានការបារម្ភខ្លាចថា វិនិយោគទៅអ្នកដែលទទួលបាន ការបណ្ដុះបណ្ដាលចេះដឹងគាត់លែងនៅក៏មាន ដូច្នេះហើយពួកគាត់នៅមានការស្ទាក់ស្ទើរ និងខ្លាចរអាដែលធ្វើឱ្យ ការចំណាយវិនិយោគនេះ រហូតមកទល់ពេលនេះ គឺមិនទាន់ហ៊ានលះបង់ ក្នុងការចាប់យកបច្ចេកវិទ្យានៅឡើយ។

លោកបណ្ឌិតបានបញ្ជាក់ថា អញ្ចឹងហើយបានជាយើងឃើញថា បងប្អូនដែលជាសិប្បករ សហគ្រាសធនតូច និងមធ្យមមួយចំនួន គឺសុខចិត្តចាប់យកនូវអ្វី ដែលគាត់បានធ្វើកន្លងមក ជាលក្ខណៈប្រពៃណី ឬបច្ចេកវិទ្យាដែលទម្លាប់ពីមុនគាត់ថា ស្រួលហើយ ធ្លាប់នៅនឹងហើយមិនចាំបាច់ចាប់យកអ្វីដែលប្លែក ដែលធ្វើឱ្យពិបាកនោះទេ៕