មន្ត្រីជំនាញជំរុញឱ្យ SMEs ប្រើប្រាស់បច្ចេកវិទ្យា និង AI ពង្រឹងសមត្ថភាពប្រកួតប្រជែង និងកាត់បន្ថយថ្លៃដើម ក្នុងពេលសេដ្ឋកិច្ចមានភាពមិនល្អប្រសើរ (Video inside)
09-10-2026 14:03
(ភ្នំពេញ)៖ លោកបណ្ឌិត កែវ សុជាតិ អគ្គនាយកវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងជំរុញឱ្យ SMEs ប្រើប្រាស់បច្ចេកវិទ្យា និង AI ពង្រឹងសមត្ថភាពប្រកួតប្រជែង និងកាត់បន្ថយថ្លៃដើម ក្នុងពេលសេដ្ឋកិច្ចមានភាពមិនល្អប្រសើរ។
ការលើកឡើងរបស់លោកបណ្ឌិត កែវ សុជាតិ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ការ គាំទ្រផ្នែកបច្ចេកវិទ្យា ដើម្បីពង្រឹងប្រសិទ្ធភាពផលិតកម្មរបស់ សហគ្រាសខ្នាតតូច និង មធ្យមនៅកម្ពុជា»។
លោកបណ្ឌិត កែវ សុជាតិ បានថ្លែងឱ្យដឹងថា «បើសិនជាយើងក្រឡេកមើលជាបទពិសោធន៍ជាក់ស្ដែងកន្លងមកដែលខ្ញុំធ្លាប់ចូលរួម គឺបើសិនជាអាជីវកម្មតូចៗ ឬសហគ្រាសតូចៗ គឺយើងដូចជម្រាបពីមុន គឺយើងចាប់ផ្ដើមពី E-marketing, Digital Marketing ឬក៏ប្រើបណ្ដាញសង្គមផ្សេងៗ ជួយទៅដល់ការងាររបស់ពួកគាត់។ ការប្រើប្រាស់ឧបករណ៍ AI Tool ជួយសម្រួលដល់ដំណើរការអាជីវកម្ម ខ្ញុំលើកឧទាហរណ៍ថា គាត់ចង់ធ្វើជាវីដេអូផ្សព្វផ្សាយមួយ ពីមុនចំណាយពេលត្រូវថត ត្រូវកាត់តអីផ្សេងៗ ប៉ុន្តែដូចថាបើសិនជាគាត់ចេះប្រើ ក្នុងកម្រិតណាមួយ គ្រាន់តែបង្កើតជាវីដេអូខ្លីៗ ចេះប្រើ AI Tool នឹងផ្សារភ្ជាប់អាជីវកម្មរបស់ពួកគាត់ដាក់ចូលក្នុងបណ្ដាញសង្គម គឺអាចមានការទាក់ទាញមួយកម្រិត»។
លោកបានថ្លែងឱ្យដឹងទៀតថា ការថយភ្ញៀវគឺវាមិនមែនចំណុះតែទៅនឹងអ្វីដែលគេហៅថា អាជីវកម្មសហគ្រិនប៉ុណ្ណឹងទេ វាទាក់ទងទៅនឹងបរិបទសេដ្ឋកិច្ចទាំងមូល នៅពេលដែលសេដ្ឋកិច្ចជួបប្រទះបញ្ហា ឬក៏វិបត្តិសកលអី វាតែងតែប៉ះពាល់នូវតម្រូវការក្នុងស្រុក។ ចំពោះរាជរដ្ឋាភិបាលលោកមានយន្តការហើយ ប៉ុន្តែយើងជាសហគ្រាស អ្វីដែលយើងធ្វើបានក្នុងនាមជាអ្នកគ្រប់គ្រងអាជីវកម្ម គឺមានតែការរៀបពង្រឹងសមត្ថភាពប្រកួតប្រជែង តាមរយៈការបណ្ដុះបណ្ដាល Capacity Building ផ្នែកបច្ចេកវិទ្យា ដែលនៅក្នុងវិស័យមួយដែលពួកគាត់អាចធ្វើបាន។
លោកបានបញ្ជាក់ថា សម្រាប់បច្ចេកវិទ្យាណាអាចចាប់បាន ជំរុញឱ្យគាត់ធ្វើបាន ហើយជួយឱ្យមានសក្ដានុពល ជួយកាត់បន្ថយថ្លៃដើមមួយចំណែក ជួយពង្រីកទីផ្សារសេវាគាត់ឱ្យគេស្គាល់ ការចាប់យកបច្ចេកវិទ្យា ដើម្បីជួយទៅដល់ធុរកិច្ចកាត់បន្ថយថ្លៃដើម វាមានរឿងជាច្រើនដែលយើងត្រូវធ្វើ៕





