ទំនិញថៃនាំចូលកម្ពុជាបន្ដធ្លាក់ចុះ៣៣% ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ (Video inside)
08-10-2026 17:10
(ភ្នំពេញ)៖ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ សម្រេចបានទឹកប្រាក់ ២ ០៨១លានដុល្លារ ថយចុះចំនួន២៨.៤៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទឹកប្រាក់ ២ ៩០៩លានដុល្លារអាមេរិក។
របាយការណ៍បានបង្ហាញថា ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសថៃមានតម្លៃជាង ៥៣៨លានដុល្លារអាមេរិក ថយចុះ៦.៥២%។ ចំណែកឯការនាំចេញរបស់ថៃ មកកាន់កម្ពុជាវិញ មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរមានទឹកប្រាក់ ១ ៥៤២លានដុល្លារអាមេរិក ថយចុះ ៣៣.៨៨%។
ការធ្លាក់ចុះនៃទំហំពាណិជ្ជកម្មនេះរវាងប្រទេសទាំងនេះ បន្ទាប់ពីភាគីទាំងពីរមានជម្លោះព្រំដែនជាមួយគ្នា ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥មក និងបានឈានទៅបិទព្រំដែនគោក ទាំងស្រុង។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចបានហាមការនាំចូលទំនិញមួយចំនួនពីថៃ ដូចជាឧស្ម័ន ប្រេងឥន្ធនៈ បន្លែ និងផ្លែជាដើម។
ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អេចប្រេស និងជាអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានថ្លែងថា «តាំងពីកម្ពុជា មានបញ្ហាជាមួយថៃ ហើយថៃបានបិទព្រំដែនផ្លូវគោក តែនៅមានការដឹកជញ្ជូនខ្លះ តាមផ្លូវទឹក និងផ្លូវអាកាស ចំពោះទំនិញដែលចាំបាច់ប៉ុណ្ណោះ»។
ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី បានបញ្ជាក់ថា មែនទែនទៅទំនិញដែលកម្ពុជានាំចូលពីថៃនោះ មិនមែនជារបស់ថៃនោះទេ គឺជាផលិតផល ដែលក្រុមហ៊ុនអន្ដរជាតិ បានដាក់មូលដ្ឋានផលិតនៅប្រទេសថៃ៕

