លោក អាន តារា បន្តជាប់ឆ្នោតដឹកនាំសហព័ន្ធស្វាយចន្ទីកម្ពុជា
08-10-2026 13:52
(ភ្នំពេញ)៖ លោក អាន តារា បានបន្តជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា (ស.ច.ក) សម្រាប់អាណត្តិទី២ ដើម្បីបន្តជំរុញវិស័យស្វាយចន្ទីកម្ពុជាឆ្ពោះទៅរកចក្ខុវិស័យប្រកបដោយនិរន្តរភាព និងការឆ្លើយតបទៅនឹងគោលនយោបាយជាតិស្ដីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ របស់រាជរដ្ឋាភិបាល ដែលមានបំណងកែច្នៃនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាឲ្យបាន ២៥% នៅឆ្នាំ២០២៧ និង ៥០% នៅឆ្នាំ២០៣២។
ពិធីបោះឆ្នោតនេះបានធ្វើឡើងក្នុងមហាសន្និបាតអាណត្តិទី១ និងការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
សហព័ន្ធស្វាយចន្ទីកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២២ ដោយក្រសួងពាណិជ្ជកម្ម និងចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានមហិច្ឆតាជំរុញការកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាឲ្យបាន ២៥% នៅឆ្នាំ២០២៧ និង ៥០% នៅឆ្នាំ២០៣២។
លោក វ៉ា រុតសាន បានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មីនេះ គឺជាជំហានយុទ្ធសាស្ត្រថ្មីមួយ ក្នុងការពង្រឹងអភិបាលកិច្ច និងតួនាទីស្នូលរបស់តួអង្គប្រតិបត្តិករសំខាន់ៗក្នុងវិស័យស្វាយចន្ទី។
លោក អាន តារា បានថ្លែងអំណរគុណចំពោះការគាំទ្រ និងបានសង្កត់ធ្ងន់លើវឌ្ឍនភាពដែលសហព័ន្ធសម្រេចបានក្នុងរយៈពេលជាង ៣ឆ្នាំកន្លងមកនេះ។ លោកបានបញ្ជាក់ថា ក្នុងរយៈពេលជាង ៣ឆ្នាំកន្លងមកនេះ សហព័ន្ធបានអនុវត្តការងារយ៉ាងសកម្ម ដោយផ្តោតលើការបង្កើនទិន្នផល និងពង្រឹងគុណភាពគ្រាប់ចន្ទី ការជំរុញការកែច្នៃក្នុងស្រុក ការផ្សព្វផ្សាយ និងស្វែងរកទីផ្សារ រួមទាំងកិច្ចសហប្រតិបត្តិការ និងការវិនិយោគ។
ជាមួយគ្នានេះ សហព័ន្ធក៏បានគាំទ្រក្រុមហ៊ុនកែច្នៃក្នុងស្រុកឲ្យចូលរួមពិព័រណ៍អន្តរជាតិជាច្រើន និងបានទាក់ទាញក្រុមហ៊ុនធំៗមកវិនិយោគនៅកម្ពុជា។ លើសពីនេះ សហព័ន្ធបានសហការជាមួយធនាគារនានា ដើម្បីជួយរកកម្ចីការប្រាក់ទាបសម្រាប់វិស័យចន្ទី។
ដើម្បីធានាឱ្យសហព័ន្ធស្វាយចន្ទីកម្ពុជាអាណត្តិទី២ អាចបំពេញតួនាទីជាស្ថាប័នតំណាងវិស័យស្វាយចន្ទីកម្ពុជា ស្របតាមចក្ខុវិស័យយុទ្ធសាស្រ្តរបស់ក្រសួងពាណិជ្ជកម្ម ដែលជាអាណាព្យាបាលបច្ចេកទេស ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន តម្លាភាព និងចីរភាព លោក វ៉ា រុតសាន បានណែនាំ ដល់សហព័ន្ធស្វាយចន្ទីត្រូវប្រកាន់ខ្ជាប់នូវការបម្រើផលប្រយោជន៍រួម មិនមែនផលប្រយោជន៍បុគ្គល ឬក្រុមណាមួយឡើយ ហើយត្រូវមានការធានាចូលរួមប្រកបដោយបរិយាបន្នពីអ្នកដាំដុះ សមាគម សហគមន៍កសិកម្ម អ្នកប្រមូលទិញ អ្នកកែច្នៃ អ្នកនាំចេញ និងតួអង្គពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់តម្លៃស្វាយចន្ទី។
ជាមួយគ្នានេះ ត្រូវពង្រឹងសាមគ្គីភាព និងអភិបាលកិច្ចផ្ទៃក្នុង ដោយកំណត់តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងសមាជិកឱ្យបានច្បាស់លាស់ ព្រមទាំងលើកទឹកចិត្តឱ្យមានការចូលរួម ការលះបង់កម្លាំងកាយចិត្ត និងធនធានសមស្រប ដើម្បីធានាដំណើរការរបស់សហព័ន្ធឱ្យមាននិរន្តរភាព៕








