FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សន្ទុះចូលរួមរបស់វិនិយោគិនបន្តឡើងខ្ពស់ ជំរុញសកម្មភាពទីផ្សារមូលបត្រកម្ពុជា ឱ្យឈានដល់កម្រិតថ្មី

07-10-2026 16:04

(ភ្នំពេញ)៖ យោងតាមទិន្នន័យទីផ្សារ នៅក្នុងខែកញ្ញា ឆ្នាំ២០២៦ នេះ ផ្សារមូលបត្រកម្ពុជា (ផមក) បានបំបែកកំណត់ត្រានៃការជួញដូរថ្មី ជាប្រវត្តិសាស្រ្ត ដោយទាំងតម្លៃជួញដូរ និងបរិមាណនៃការជួញដូរជាមធ្យមនៅលើទីផ្សារប្រចាំថ្ងៃ បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន។

ការបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសក្តានុពល និងភាពធន់នៃទីផ្សារមូលបត្រកម្ពុជា ដោយវិនិយោគិនបានបន្តជឿជាក់ និងវិនិយោគមកលើទីផ្សារភាគហ៊ុនកម្ពុជា ក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងអស្ថិរភាព។

១៖ សកម្មភាពជួញដូរកាន់តែសកម្ម រុញច្រានតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃកើនដល់កម្រិតខ្ពស់បំផុត

សកម្មភាពជួញដូរនៅ ផមក មានសន្ទុះនៃការកើនឡើងយ៉ាងខ្លាំង បំបែកកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រជាមួយនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងខែកញ្ញា បានឈានដល់ ៥.៨ ពាន់លានរៀល (ប្រមាណ ១.៤៥ លានដុល្លារអាមេរិក) កើនឡើងប្រមាណ ៦៣% បើធៀបនឹងកំណត់ត្រាចាស់ដែលសម្រេចបាននៅខែមេសា ឆ្នាំ២០២២ ដែលតម្លៃជួញដូរ ជាមធ្យមប្រចាំថ្ងៃ ៣.៦ ពាន់លានរៀល (ប្រមាណ ០.៨៩ លានដុល្លារអាមេរិក)។ យើងសង្កេតឃើញថា ចំនួននៃការដាក់បញ្ជាជាមធ្យមប្រចាំថ្ងៃនៅក្នុងខែកញ្ញា ឆ្នាំ ២០២៦ បានឈានដល់ជាង ១.២ម៉ឺនបញ្ជា ជាមួយនឹងចំនួនភាគហ៊ុនជាមធ្យមជិត ៧.៥លានភាគហ៊ុន ត្រូវបានដាក់បញ្ជាលើទីផ្សារប្រចាំថ្ងៃ។

ទន្ទឹមនឹងនេះ សន្ទស្សន៍ ផមក បានកើនដល់ ៦៥០.៦២ ពិន្ទុ ឬកើនឡើង ២០.២៦% ក្នុងខែកញ្ញានេះ ដែលបានបញ្ចាក់យ៉ាងច្បាស់ពីការជឿជាក់មកលើទីផ្សារ និងការបន្តកើនឡើងនូវសាច់ប្រាក់ដាក់បញ្ជូលទៅក្នុងទីផ្សារ។

២៖ ចំនួនគណនីជួញដូរថ្មី និងការចូលរួមរបស់វិនិយោគិន កើនដល់កម្រិតខ្ពស់បំផុត

ការងើបឡើងរបស់ទីផ្សារនាពេលបច្ចុប្បន្ន បានទាក់ទាញចំណាប់អារម្មណ៍របស់វិនិយោគិនថ្មីៗយ៉ាងច្រើន ដោយចំនួនគណនីជួញដូរបើកថ្មីក្នុងខែកញ្ញា ឆ្នាំ២០២៦ មានរហូតដល់ ៤.១៦២ គណនី ដែលជាចំនួនខ្ពស់បំផុតរបស់ទីផ្សារមូលបត្រកម្ពុជា ដែលកំណត់ត្រាចាស់មានចំនួន ៤,០៣៤ គណនី នៅខែកញ្ញា ឆ្នាំ២០១៨។

ទន្ទឹមនឹងនេះ ចំនួនវិនិយោគិនសកម្មបានកើនឡើងដល់កម្រិតខ្ពស់បំផុតរហូតដល់ ៩.៨០៦ នាក់ នៅក្នុងខែកញ្ញា ឆ្នាំ២០២៦នេះ។ នេះបានសរបញ្ជាក់ថា ការកើនឡើងនៃតម្លៃជួញដូរ និងបរិមាណជួញដូរជាប្រវត្តិសាស្ត្រថ្មីនេះ កើតចេញពីវត្តមាននៃការបន្តចូលរួមយ៉ាងខ្លាវខ្លា ពីសំណាក់វិនិយោគិនថ្មី និងវិនិយោគិនចាស់។

ការរក្សាបាននូវវឌ្ឍនភាពដ៏ល្អនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា សកម្មភាពទីផ្សារនាពេលកន្លងមកមិនមែនជានិន្នាការរយៈពេលខ្លីនោះទេ ប៉ុន្តែជាផលកើតចេញពីការចូលរួម និងជឿជាក់យ៉ាងពិតប្រាកដរបស់វិនិយោគិននៅក្នុងទីផ្សារ។

ការបន្តការចូលរួមពីសំណាក់វិនិយោគិន គឺជាកម្លាំងស្នូល និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការបន្តអភិវឌ្ឍទីផ្សារមូលបត្រឱ្យកាន់តែរឹងមាំ ដើម្បីជាជំហរក្នុងការជួយបង្កើន ប្រភពទុនសម្រាប់សហគ្រាសក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ៕