កម្ពុជា រកចំណូលបានជាង ១,១៧ ពាន់លានដុល្លារ ពីការនាំចេញស្វាយចន្ទី ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ ខណៈការនាំចេញចន្ទីកែច្នៃកើនឡើងជាង៣០%
07-10-2026 15:12
(ភ្នំពេញ)៖ វិស័យស្វាយចន្ទីរបស់កម្ពុជា កំពុងបន្តបង្ហាញសក្ដានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង ដោយការនាំចេញបានកើនឡើងជាលំដាប់ និងបានជ្រៀតចូលទីផ្សារអន្តរជាតិជាបន្តបន្ទាប់ ដោយក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៦នេះ ការនាំចេញស្វាយចន្ទីកម្ពុជាបានសម្រេចបរិមាណសរុប ៧២៣ ៨១៤ តោន ទទួលបានទឹកប្រាក់ ១ ១៧ពាន់ ដុល្លារអាមេរិក កើនឡើង ១២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសរំលេចថា ការនាំចេញស្វាយចន្ទីកម្ពុជាបានទៅកាន់ប្រទេសចំនួន ២៧ ក្នុងទ្វីបអឺរ៉ុប អាស៊ី សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀត។ កំណើននេះបានបន្តពីឆ្នាំមុនៗ ដោយក្នុងឆ្នាំ២០២៥ ការនាំចេញសម្រេចបាន ៦០៥ ៧៧៣ តោន ស្មើនឹងទឹកប្រាក់ ៨០៩ ០៤៥ ៦៣៦ ដុល្លារអាមេរិក កើនឡើង ១៥២% ធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹម ៤៧៥ ០៨៩ តោន ស្មើនឹងទឹកប្រាក់ ៥៣១ ១០៤ ៥២៥ ដុល្លារអាមេរិក។
លោក វ៉ា រុតសាន គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុង មហាសន្និបាតអាណត្តិទី១ និងការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី២ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ។
ថ្លែងនាឱកាសនេះដែរ លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃទៅកាន់ប្រទេសវៀតណាមបានជាង ១លានតោនក្នុងមួយឆ្នាំៗ ដែលមិនទាន់រាប់បញ្ចូលគ្រាប់ចន្ទីកែច្នៃក្នុងស្រុក និងការនាំចេញទៅប្រទេសដទៃឡើយ។ ជាក់ស្តែង គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃទៅវៀតណាមបានជាង ១,០៥លានតោន ដែលគិតជាទឹកប្រាក់ជាង ១.៨០០លានដុល្លារអាមេរិក។ ឆ្នាំ២០២៦នេះក៏ជាឆ្នាំប្រវត្តិសាស្ត្រមួយផងដែរ ដែលតម្លៃស្វាយចន្ទីស្ងួតពូជ M23 បានលក់ចេញរហូតដល់ជាង ២.៣០០ដុល្លារអាមេរិកក្នុងមួយតោន។
លោកបន្តថា ដោយឡែកការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃវិញក៏មានកំណើនល្អគួរឱ្យកត់សម្គាល់ផងដែរ ដោយក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦នេះ ការនាំចេញគ្រាប់កែច្នៃមានបានកើនឡើង៣០% ទទួលបានទឹកប្រាក់ជាង៦០លានដុល្លារ។
លោកបានគូសបញ្ជាក់ថា ស្របពេលជាមួយគ្នានេះ សហព័ន្ធស្វាយចន្ទីកម្ពុជាបានបន្តជំរុញយ៉ាងសកម្មនូវការកែច្នៃនៅក្នុងស្រុក ដោយលើកទឹកចិត្តសហគមន៍ និងរោងចក្រសហគ្រាសឲ្យពង្រឹងសមត្ថភាពកែច្នៃទាំងគ្រាប់ចន្ទីពាក់កណ្ដាលសម្រេច និងផលិតផលសម្រេច។
បើតាម លោកអាន តារា មកទល់ឆ្នាំ២០២៦នេះ ចំនួនសហគ្រាសកែច្នៃស្វាយចន្ទីបានកើនឡើងពីជាង ៤០ ទៅជាង ៥០ ហើយក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ មានក្រុមហ៊ុនស្តង់ដាធំៗចំនួន ៤ ទៀតបានបង្កើតរោងចក្ររួចរាល់ និងកំពុងដំណើរការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ កំណើនជាបន្តបន្ទាប់នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ការកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ឲ្យសម្រេចបាននូវគោលនយោបាយជាតិស្ដីពីស្វាយចន្ទីរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលដ៏ខ្លីខាងមុខ។
លើសពីនេះ សហព័ន្ធបានផ្សព្វផ្សាយ និងស្វែងរកទីផ្សារសម្រាប់ផលិតផលស្វាយចន្ទីកម្ពុជាតាមរយៈការចូលរួមសន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មលំដាប់អន្តរជាតិជាច្រើន ដែលធ្វើឲ្យពិភពលោកទទួលស្គាល់គុណភាពស្វាយចន្ទីខ្មែរកាន់តែច្រើន និងហ៊ានទិញក្នុងតម្លៃថ្លៃ។
កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការផលិតគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃលើពិភពលោក ដោយផលិតបានជាង ១ លានតោនក្នុងមួយឆ្នាំ។ ពិសេសជាងនេះទៅទៀត ពូជស្វាយចន្ទី M23 របស់កម្ពុជា ត្រូវបានទទួលស្គាល់ថាជាពូជលេខ១ លើពិភពលោកទាំងតម្លៃ និងគុណភាព ដែលបានរួមចំណែកយ៉ាងធំធេងដល់ការនាំចេញគ្រាប់ស្វាយចន្ទី៕
















