អ្នកជំនួញបរទេស ចុះមើលកសិដ្ឋានធំៗនៅកំពង់ឆ្នាំង ស្វែងរកឱកាសបោះទុនក្នុងវិស័យចិញ្ចឹមសត្វ និងបន្លែកម្ពុជា
05-10-2026 10:56
(កំពង់ឆ្នាំង)៖ ទុនថ្មីអាចនឹងចូលវិស័យចិញ្ចឹមសត្វ និងបន្លែកម្ពុជា ខណៈក្រុមអ្នកជំនួញបរទេសបានចុះដល់កសិដ្ឋានខ្នាតធំនៅកំពង់ឆ្នាំង និងភ្នំពេញ ដើម្បីមើលឱកាសបោះទុនដោយផ្ទាល់ ចាប់ពីបន្លែ មាន់សាច់ មាន់យកស៊ុត គោយកទឹកដោះ រហូតដល់គោសាច់ពូជល្បីៗដូចជា ប៊្លែកអែងហ្គឹស (Black Angus) និង ពូជគោវ៉ែកគ្យូ (Wagyu) របស់ជប៉ុន។
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បណ្ឌិត កៅ ថាច បានអញ្ជើញនាំក្រុមអ្នកជំនួញបរទេស ចុះទៅមើលកសិដ្ឋានចំនួន៣ នៅឃុំក្ដុលសែនជ័យ និងតំបន់ស្តុកទឹកផុស ខេត្តកំពង់ឆ្នាំង ចម្ងាយជាង១០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងកសិដ្ឋានដាំបន្លែនៅជាយក្រុងភ្នំពេញ នៅចុងសប្ដាហ៍នេះ ។
កសិដ្ឋានទី១ ជាកសិដ្ឋានចិញ្ចឹមមាន់សាច់ ដែលកំពុងសាងសង់បាន៣រោង សម្រាប់ផលិតផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ចំណែកកសិដ្ឋានទី២ ជាកសិដ្ឋានមាន់យកស៊ុត ដែលកំពុងសាងសង់រហូតដល់១៦រោង បង្ហាញពីការពង្រីកផលិតកម្មក្នុងទ្រង់ទ្រាយធំ។ ប៉ុន្តែកសិដ្ឋានទី៣ កាន់តែគួរឱ្យចាប់អារម្មណ៍ ដោយមានទាំងគោយកទឹកដោះ និងគោយកសាច់សរុបជាង៤ពាន់ក្បាល។ ក្នុងនោះ គោយកទឹកដោះមាន ១,៧០៣ក្បាល និងគោយកសាច់ ២,៣០០ក្បាល ។
ក្រៅពីគោពូជក្នុងស្រុកដូចជាគោព្រាហ្ម កសិដ្ឋាននេះក៏នាំយកពូជគោសាច់បរទេសមកចិញ្ចឹម រួមមាន Charolais, Black Angus និង Wagyu របស់ជប៉ុន ដែលជាពូជគោសាច់តម្លៃខ្ពស់ និងល្បីលើទីផ្សារអន្តរជាតិ ។
បណ្ឌិត កៅ ថាច មានប្រសាសន៍ថា ការទាក់ទាញទុនកាន់តែច្រើនចូលវិស័យកសិកម្ម មិនត្រឹមតែបង្កើនផលិតកម្មទេ ប៉ុន្តែអាចជួយពង្រឹងសន្តិសុខស្បៀង បង្កើនសមត្ថភាពនាំចេញ និងបង្កើនប្រាក់ចំណូលដល់ប្រជាជននៅតាមជនបទ។
ការនាំអ្នកជំនួញទៅឃើញកសិដ្ឋានដោយផ្ទាល់ ក៏ជាវិធីបង្ហាញថា កម្ពុជាមិនត្រឹមតែមានដី និងទីផ្សារសម្រាប់វិស័យកសិកម្មទេ ប៉ុន្តែមានផលិតកម្មខ្នាតធំកំពុងដំណើរការ និងមានឱកាសសម្រាប់ទុនថ្មីចូលមកពង្រីកបន្ថែម។
ចំពោះកម្ពុជា ការទាក់ទាញការវិនិយោគទៅលើការផលិតសាច់ ស៊ុត និងទឹកដោះក្នុងស្រុក ក៏មានន័យថា ផលិតផលដែលកម្ពុជាត្រូវការរាល់ថ្ងៃ អាចត្រូវបានផលិតកាន់តែច្រើននៅក្នុងប្រទេស ជំនួសការពឹងផ្អែកលើការនាំចូល និងបើកផ្លូវទៅរកទីផ្សារនាំចេញនៅពេលផលិតកម្មកើនឡើង ៕
















