អ្នក ដែលមានចំណូលមធ្យម និងម្ចាស់សហគ្រាស ជាអ្នកដែលគួរតែត្រូវទិញធានារ៉ាប់រង ដើម្បី ការពារសុវត្ថិភាពហិរញ្ញវត្ថុ នៅពេលមានបញ្ហា (Video inside)
02-10-2026 14:17
(ភ្នំពេញ)៖ លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិនៃហ្វតតេ គ្រុប បានលើកឡើងថា ធានារ៉ាប់រងមានសារៈសំខាន់ណាស់សម្រាប់ការពារសុវត្ថិភាពហិរញ្ញវត្ថុ ជាពិសេសសម្រាប់អ្នកដែលមានចំណូលមធ្យម និងម្ចាស់សហគ្រាស ដូច្នេះហើយ អ្នកដែលមានចំណូលមធ្យម ម្ចាស់អាជីវកម្ម គួរតែត្រូវទិញធានារ៉ាប់រង ដើម្បីការពារចំណូល ក្រុមគ្រួសារ និងសុវត្ថិភាពផ្ទាល់ខ្លួន។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងធ្វើឱ្យប្រជាពលរដ្ឋមានចំណូលមធ្យមងាយស្រួលទិញធានារ៉ាប់រង លោក យក់ ចំរើនឫទ្ធិ បានឱ្យដឹងថា ក្រុមហ៊ុន Forte Insurance បានបង្កើតផលិតផលធានារ៉ាប់រងខ្នាតតូចមានតម្លៃទាប (Microinsurance) ដែលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋប្រមាណ ១ លាននាក់បានទិញធានារ៉ាប់រងខ្នាតតូចនេះ ដោយបង់ត្រឹមតែប្រមាណជាង ១០ ដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែទទួលបានសំណងមូលដ្ឋានដ៏សមរម្យ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួននៅតែមានការបារម្ភអំពីតម្លៃធានារ៉ាប់រងដែលពួកគេយល់ថាថ្លៃពេក បើប្រៀបធៀបនឹងកម្រិតចំណូលរបស់ពួកគេ។ លោក យក់ ចំរើនឫទ្ធិ បានពន្យល់ថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជាមានការប្រកួតប្រជែងខ្ពស់ ហើយតម្លៃបុព្វលាភធានារ៉ាប់រងគឺប្រហាក់ប្រហែលនឹងទីផ្សារអន្តរជាតិដែរ។ ការបង្កើតធានារ៉ាប់រងខ្នាតតូច គឺជាដំណោះស្រាយមួយដើម្បីធ្វើឱ្យធានារ៉ាប់រងកាន់តែមានតម្លៃសមរម្យ និងអាចចូលរួមបានសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដែលជួយឱ្យពួកគេមានភាពកក់ក្តៅ និងសុវត្ថិភាពហិរញ្ញវត្ថុនាពេលអនាគត។
លោក យក់ ចំរើនឫទ្ធិ លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ការ ការពារ ហានិភ័យលើ ហិរញ្ញវត្ថុផ្ទាល់ខ្លួន តាមរយៈវិស័យធានារ៉ាប់រង»។
សូមស្តាប់ ការពន្យល់បន្ថែមរបស់លោក យក់ ចំរើនឫទ្ធិ ៖




