FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការផ្តល់ ឬប្តូរជារង្វាន់ចំពោះផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ត្រូវបញ្ចប់ត្រឹមថ្ងៃទី៣០ ខែកញ្ញានេះហើយ, ក្រសួងសេដ្ឋកិច្ចកំពុងតាមដាន និងសង្ឃឹមថាក្រុមហ៊ុនទាំងអស់ អនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ (Video inside)

30-09-2026 18:09

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ជាថ្ងៃឱសានវាទ ដែលរាជរដ្ឋាភិបាលបានកំណត់ឱ្យបញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់ចំពោះផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ តាមរយៈសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម និងជាអ្​នកតាមដានសង្គមបានសង្កេតឃើញថានៅតាមដេប៉ូលក់ចែកចាយស្រាបៀ និងភេសជ្ជៈមានជាតិស្ករ ក៏ដូចជាក្រុមហ៊ុនផលិត បានរៀបចំខ្លួនដើម្បីបញ្ចប់ការផ្តល់រង្វាន់ទៅតាមអ្វី ដែលរាជរដ្ឋាភិបាលបានជូនដំណឹងនេះ ហើយប្រសិនបើមិនអនុវត្តតាមនឹងត្រូវចាត់វិធានការណ៍។

អ្នកឧកញ៉ាបន្ថែមថា «ខ្ញុំជឿជាក់ថាគ្មានក្រុមហ៊ុនណាមិនអនុវត្តទេ ត្រូវតែអនុវត្តទាំងអស់គ្នា ព្រោះក្រុមហ៊ុនដែលរកស៊ីផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ សុទ្ធតែជាក្រុមហ៊ុនមានមុខមានមាត់​ និងមានដើមទុនធំៗ ដូច្នេះគាត់មិនបំផ្លាញកេរ្តិ៍ឈ្មោះរបស់គាត់ ដែលខំកសាងឡើងនោះឡើយ»។

លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ក្រសួងកំពុងតាមដាន ចំពោះការអនុវត្តរបស់សហគ្រាសផលិត នាំចូល និងចែកចាយផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករទាំងអស់ តើបានអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួង​ដែរ ឬយ៉ាងណា?

លោកសង្កត់ធ្ងន់ថា «ប្រសិនបើការអនុវត្តផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ចនោះ នឹងមានកំហុសឆ្គង យើងនឹងបន្តអនុវត្តវិធានការណ៍តាមច្បាប់ជាធរមាន»។

សេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច បានតម្រូវឱ្យសហគ្រាសផលិត នាំចូល និងចែកចាយផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករទាំងអស់ ព្រមទាំងសាធារណជន អនុវត្តដូចខាងក្រោម៖

១. ការបញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់

* បញ្ឈប់ទាំងស្រុងរាល់ការផ្តល់ ឬប្តូរជារង្វាន់ តាមរយៈក្រវិលកំប៉ុង គម្របដប ឬរង្វាន់ក្នុងទម្រង់ផ្សេងៗ ដែលភ្ជាប់ឬ មិនភ្ជាប់នឹងកំប៉ុង ដប សំបកវេចខ្ចប់ ឬកេសផលិតផល ជាអាទិ៍មាន ការចាប់ឆ្នោត កាតកោស គូប៉ុង បណ្ណប្តូររង្វាន់ យ្យូអកូដ (QR CODE) និងកម្មវិធីរង្វាន់ឌីជីថលផ្សេងៗជាដើម ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត។
* មិនអនុញ្ញាតឱ្យមានការចែកចាយ ឬផ្តល់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ដោយឥតគិតថ្លៃ។

* គ្រប់សហគ្រាសទាំងអស់ រួមទាំងសហគ្រាសផលិត និងអ្នកចែកចាយបន្ត ត្រូវបញ្ឈប់រាល់ការបញ្ជាទិញ នាំចូល ផលិតថ្មីនូវក្រវិលកំប៉ុង គម្របដប ឬសំបកវេចខ្ចប់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ដែលមានរង្វាន់ ឬដាក់រង្វាន់ក្នុងកេសផលិតផលទាំងនោះបន្តទៀត ចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះតទៅ។

២. ការអនុញ្ញាតលក់បញ្ចុះតម្លៃពាណិជ្ជកម្ម (Trade Discount)

* អនុញ្ញាតឱ្យមានការជំរុញ និងលើកទឹកចិត្តផ្នែកពាណិជ្ជកម្ម តាមរយៈការលក់បញ្ចុះតម្លៃពាណិជ្ជកម្ម (Trade Discount) ដោយកំណត់មិនឱ្យលើសពី ១៥% នៃថ្លៃលក់កត់ត្រាលើវិក្កយបត្រ និងមិនត្រូវលើសពី ២៥% នៃថ្លៃលក់កត់ត្រាលើវិក្កយបត្រ ចំពោះផលិតផលជិតផុតសុពលភាពប្រើប្រាស់ ដែលមានអាយុកាលមិនលើសពី ៦០ថ្ងៃ មុនថ្ងៃផុតកំណត់ ដោយត្រូវជូនដំណឹងមកអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមុន ។

៣. អត្ថប្រយោជន៍ផ្សេងៗក្រៅពីផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ

* អនុញ្ញាតឱ្យមានការលក់ដោយមានបន្ថែមអត្ថប្រយោជន៍ផ្សេងៗជាទំនិញ ឬសេវាផ្សេងៗក្រៅពីផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ជាអាទិ៍មាន កែវ ឆ័ត្រ ធុងទឹកកក ដបទឹក អាវ មួក ឬកញ្ចប់ដំណើរកម្សាន្តជាដើម ដែលមានតម្លៃមិនលើសពី ៥% នៃថ្លៃលក់កត់ត្រាលើវិក្កយបត្រ។

ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឱ្យសហគ្រាស ផលិត នាំចូល និងចែកចាយផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករទាំងអស់ ព្រមទាំងសាធារណជន នឹងចូលរួម អនុវត្តតាមសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕