FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមភស្តុភារកម្មកម្ពុជា ចុះ MoU ជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ជំរុញការអភិវឌ្ឍវិស័យភស្តុភារកម្ម និងកសិកម្ម

30-09-2026 14:27

(ភ្នំពេញ)៖ ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា (CLA) រួមជាមួយក្រុមប្រឹក្សាភិបាលទទួលបន្ទុកតាមផ្នែកនីមួយៗ និងតំណាងក្រុមហ៊ុនជាសមាជិកប្រមាណ ២០ក្រុមហ៊ុន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមភស្តុភារកម្មកម្ពុជា ជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហព័ន្ធស្រូវអង្ករកម្ពុជា (CFR) ដែលបានរៀបចំឡើងនៅទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

អនុស្សរណៈនៃការយោគយល់គ្នារវាង CLA និង CFR មានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធនឹងនីតិវិធី និងបទប្បញ្ញត្តិថ្មីៗ ក្នុងវិស័យភស្តុភារកម្ម និងការនាំចេញស្រូវអង្ករ តាមរយៈការសហការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលាផ្សព្វផ្សាយ និងព្រឹត្តិការណ៍នានា ព្រមទាំងរួមគ្នាគាំទ្រការអភិវឌ្ឍធនធានមនុស្ស បង្កើនសក្តានុពល និងទាក់ទាញការវិនិយោគបន្ថែមក្នុងវិស័យភស្តុភារកម្ម និងវិស័យស្រូវអង្ករនៅកម្ពុជា។

ដោយឡែក អនុស្សរណៈនៃការយោគយល់គ្នារវាង CLA និង ARDB មានគោលបំណងលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីជំរុញប្រសិទ្ធភាពនៃការអភិវឌ្ឍវិស័យកសិកម្ម និងភស្តុភារកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមគោលនយោបាយយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ជាតិ និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានថ្លែងដោយបញ្ជាក់ពីសារៈសំខាន់នៃការចុះអនុស្សរណៈនេះ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងវិស័យហិរញ្ញវត្ថុ វិស័យភស្តុភារកម្ម និងវិស័យស្រូវអង្ករកម្ពុជា។

លោកឧកញ៉ាក៏បានលើកទឹកចិត្តដល់ភាគីទាំងបីឱ្យបន្តសហការ និងអនុវត្តសកម្មភាពជាក់ស្តែងឱ្យបានសកម្ម បន្ទាប់ពីការចុះហត្ថលេខា ដើម្បីសម្រេចបាននូវលទ្ធផលជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។

ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានសង្ឃឹមថា អនុស្សរណៈយោគយល់នេះ នឹងបើកឱកាសឱ្យយើងធ្វើការរួមគ្នាលើបញ្ហាជាក់ស្ដែងបានច្រើនជាងមុន ផ្លាស់ប្ដូរព័ត៌មានអំពីរដូវកាល និងបរិមាណទំនិញដែលត្រូវដឹកជញ្ជូន ការសម្របសម្រួលតម្រូវការកុងតឺន័រ ការលម្អការវេចខ្ចប់ និងការរៀបចំការដឹកជញ្ជូនពីរោងម៉ាសីនទៅកំពង់ផែ ការស្ដាប់បញ្ហារបស់គ្នាទៅវិញទៅមក នឹងជួយឱ្យយើងអាចកំណត់បាននូវដំណោះស្រាយដែលអាចអនុវត្តបាន។

លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ARDB បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ មានគោលដៅយុទ្ធសាស្ត្ររួមគ្នាក្នុងការ «ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភារកម្មកសិកម្មឱ្យមានប្រសិទ្ធភាព ប្រកបដោយបរិយាបន្ន និងចីរភាព» ក្នុងគោលបំណងធានាឱ្យបាននូវការកើនឡើងនូវប្រាក់ចំណូលគ្រួសារកសិករ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ។

លោកបានសម្តែងនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា វិស័យភស្តុភារកម្មគឺជាស្ពានតភ្ជាប់ដ៏មានសារៈសំខាន់រវាងកសិករ និងទីផ្សារ ដែលនឹងជួយកាត់បន្ថយថ្លៃដើម និងការខាតបង់ក្រោយការប្រមូលផល ព្រមទាំងបង្កើនភាពប្រកួតប្រជែងនៃផលិតផលកសិកម្មកម្ពុជា ទាំងនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។

បន្ថែមពីលើនេះ លោកបណ្ឌិតបានបញ្ជាក់ពី តួនាទីរបស់ធនាគារ ARDB ក្នុងអនុស្សរណៈនេះគឺការពង្រីកលទ្ធភាពនៅក្នុងការផ្តល់ហិរញ្ញប្បទានទៅលើប្រព័ន្ធភស្តុភារកម្មបៃតង (Green Logistics) ជាពិសេសលើការវិនិយោគលើមធ្យោបាយដឹកជញ្ជូនបៃតង ដើម្បីជួយឱ្យប្រតិបត្តិករភស្តុភារកម្មអាចកាត់បន្ថយការខាតបង់ក្រោយការប្រមូលផល និងលើកកម្ពស់ប្រសិទ្ធភាពខ្សែច្រវាក់តម្លៃកសិកម្ម។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បានបញ្ចប់ទៅដោយរលូន និងជោគជ័យ ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយកិច្ចសហប្រតិបត្តិការ។ ភាគីទាំងបីបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងភាពជាដៃគូ និងរួមគ្នាអនុវត្តសកម្មភាពអភិវឌ្ឍន៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង៕