FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ស៊ូ សុជាតិ៖ ការការពារវិនិយោគិន ជាបេះដូងនៃនិយ័តករមូលបត្រកម្ពុជា ​និង​លើកទឹកចិត្តវិនិយោគិន, ​​មានបញ្ហាសូមដាក់ពាក្យបណ្តឹង (Video inside)

30-09-2026 12:16

(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានគូសបញ្ជាក់យ៉ាងច្បាស់ថា កិច្ចការពារវិនិយោគិនគឺជាបេះដូងនៃនិយ័តករមូលបត្រកម្ពុជា ដូច្នេះហើយសម្រាប់វិនិយោគិន ​​ដែលមានបញ្ហាសូមដាក់ពាក្យបណ្តឹងរកដំណោះស្រាយ ពី​និយ័តករមូលបត្រកម្ពុជា។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុង «វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រ ប្រចាំឆ្នាំ២០២៦» នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦​ លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា មុននឹងអនុម័ត ឬដាក់ចេញនូវផលិតផលណាមួយ ន.ម.ក តែងតែពិនិត្យមើលជាមុនអំពីក្របខណ្ឌបទប្បញ្ញត្តិ និងហេដ្ឋារចនាសម្ព័ន្ធការពារវិនិយោគិន ដើម្បីធានាបាននូវសុវត្ថិភាព និងយុត្តិធម៌សម្រាប់អ្នកវិនិយោគទាំងអស់។

លោកអគ្គនាយកបានលើកឡើងថា ការអនុវត្តបទប្បញ្ញត្តិប្រកបដោយប្រសិទ្ធភាព គឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញកិច្ចការពារ។ ជាក់ស្ដែង ន.ម.ក បានដាក់ចេញនូវវិធានការការពារយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការជួញដូរព័ត៌មានសម្ងាត់ (insider trading) ដែលជាការការពារអតិថិជន មិនឲ្យមានការទាញយកផលប្រយោជន៍ ដោយអយុត្តិធម៌ពីព័ត៌មានដែលដឹងមុន។ ក្រៅពីយន្តការដោះស្រាយវិវាទដែលមានស្រាប់ ន.ម.ក ក៏ផ្ដោតសំខាន់លើកិច្ចបង្ការ ដើម្បីជៀសវាងបញ្ហាវិវាទកើតឡើងផងដែរ។

​លោកបន្តថា ការយល់ដឹងរបស់វិនិយោគិនអំពីច្បាប់ បទប្បញ្ញត្តិ វិធានការ និងគោលការណ៍នៃការជួញដូរឱ្យបានច្បាស់លាស់​ គឺជាខែលការពារដ៏រឹងមាំសម្រាប់វិនិយោគិនខ្លួនឯង។ ដើម្បីសម្រេចបាននូវគោលដៅនេះ ន.ម.ក បានពង្រីកសកម្មភាពផ្សព្វផ្សាយ បណ្ដុះបណ្ដាល និងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធនានា រួមមានសភាពាណិជ្ជកម្ម សមាគម និងសាកលវិទ្យាល័យ។ ថែមទាំងបានលើកកម្ពស់ចំណេះដឹងដល់និស្សិតសាកលវិទ្យាល័យ តាមរយៈការប្រកួតប្រជែងស្ដីពីធុរកិច្ចបៃតង និងការប្រមូលសាច់ប្រាក់តាមយន្តការបៃតង (Social and Green Bond) ដែលនឹងមានការប្រកួតប្រជែងជាមួយនិស្សិតបណ្ដាប្រទេសអាស៊ាននាពេលខាងមុខ៕