កម្ពុជាបោះជំហានថ្មីឆ្ពោះទៅការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល ដើម្បីការពារវិនិយោគិន និងទប់ស្កាត់ការលាងលុយកខ្វក់ (Video inside)
30-09-2026 12:12
(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានគូសបញ្ជាក់អំពីការវិវត្តន៍សំខាន់ៗ ក្នុងការគ្រប់គ្រងវិស័យទ្រព្យឌីជីថលនៅកម្ពុជា ដោយរាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ បទប្បញ្ញត្តិ និងច្បាប់ ឆ្លើយតបទៅនឹងកិច្ចការពារវិនិយោគិនក្នុងវិស័យនេះ ក៏ដូចជាការពារវិស័យនេះពីការប្រឈមនឹងការលាងលុយកខ្វក់ និងការរធានានូវបរិយាកាសវិនិយោគដែលមានសុវត្ថិភាព និងតម្លាភាព។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុង «វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រ ប្រចាំឆ្នាំ២០២៦»នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា នេះគឺជាសញ្ញាវិជ្ជមានសម្រាប់ឆ្នាំ២០២៦ ខណៈកន្លងមក និយ័តករមូលបត្រកម្ពុជា រួមជាមួយអគ្គស្នងការនគរបាលជាតិ និងធនាគារជាតិនៃកម្ពុជា ធ្លាប់បានចេញសេចក្តីថ្លែងការណ៍រួមមួយដើម្បីហាមឃាត់ប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យឌីជីថល។
យ៉ាងណាមិញ ថ្មីៗនេះ ន.ម.ក បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ជាមួយធនាគារជាតិនៃកម្ពុជាម្តងទៀត ប៉ុន្តែក្នុងគោលបំណងគ្រប់គ្រងជាជាងការហាមឃាត់។ ការផ្លាស់ប្តូរនេះបង្ហាញថា អ្វីដែលពីមុនមិនទាន់មានបទប្បញ្ញត្តិ ឥឡូវនេះកំពុងត្រូវបានរៀបចំឡើង។
លោក ស៊ូ សុជាតិ បានលើកឡើងថា«និយ័តករមូលបត្រកម្ពុជាមានប្រកាសពាក់ព័ន្ធដែលបានចេញនៅចុងឆ្នាំ២០២៥ ខណៈប្រកាសផ្សេងទៀតបានចេញតាំងពីចុងឆ្នាំ២០២៤។ នេះជាសញ្ញាល្អមួយដែលប្រកាសប្រាប់ថា បើចង់ធ្វើប្រតិបត្តិការក្នុងវិស័យនេះ គឺមិនមែនជាការហាមឃាត់ទៀតទេ តែត្រូវអនុវត្តតាមច្បាប់»៕












