លោក ស៊ូ សុជាតិ៖ ការចូលរួមយ៉ាងសកម្មរបស់វិនិយោគិនខ្នាតតូច ជំរុញកំណើនជួញដូរភាគហ៊ុនប្រចាំថ្ងៃនៅ CSX លើសពី១លានដុល្លារ (Video inside)
30-09-2026 12:12
(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានគូសបញ្ជាក់ពីសន្ទុះដ៏គួរឱ្យកត់សម្គាល់ នៃការជួញដូរភាគហ៊ុនប្រចាំថ្ងៃនៅក្នុងផ្សារមូលបត្រកម្ពុជា (CSX) ដែលបានកើនឡើងនៅចន្លោះពី ១ ទៅ ២ លានដុល្លារ ហើយថ្ងៃខ្លះបានហើយហក់ឡើងដល់ ៤លានដុល្លារ ដែលកំណើននេះគឺជាសញ្ញាវិជ្ជមានមួយឆ្លុះបញ្ចាំង ពីការរីកចម្រើននៃវិស័យមូលបត្រនៅកម្ពុជា។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុង «វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រ ប្រចាំឆ្នាំ២០២៦» នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ស៊ូ សុជាតិ បានលើកឡើងថា កំណើនទំហំជួញដូរដ៏ច្រើននេះ គឺកើតចេញពីការចូលរួមយ៉ាងសកម្មរបស់វិនិយោគិនលក់រាយ ឬវិនិយោគិនខ្នាតតូច ដែលធ្វើការជួញដូរពី ១ ភាគហ៊ុន រហូតដល់ ១,០០០ ភាគហ៊ុន។
លោកបានសម្តែងការពេញចិត្តចំពោះនិន្នាការនេះ ដោយសារតែវាបង្ហាញពីមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទីផ្សារ ដែលមានអ្នកចូលរួមជួញដូរប្រចាំថ្ងៃមិនតិចជាង ៣,០០០ នាក់ ទាំងអ្នកទិញ និងអ្នកលក់។ ការចូលរួមពីវិនិយោគិនច្រើនបែបនេះ ធ្វើឱ្យទីផ្សារមានស្ថិរភាព និងមិនពឹងផ្អែកលើវិនិយោគិនធំៗមួយចំនួនតូចឡើយ។
លោក ស៊ូ សុជាតិ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាទំនុកចិត្តរបស់វិនិយោគិន ដែលជាកត្តាចម្បងក្នុងការជំរុញកំណើនវិស័យមូលបត្រ។ ទំនុកចិត្តនេះមិនមែនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែជាលទ្ធផលនៃការខិតខំប្រឹងប្រែងអស់រយៈពេលជាង ១០ ឆ្នាំ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដាក់ចេញនូវវិធានការ និងគោលនយោបាយច្បាស់លាស់ពីសំណាក់និយ័តករមូលបត្រកម្ពុជា។
លោកជឿជាក់ថា តាមរយៈទំនុកចិត្តនេះ វិស័យមូលបត្រនឹងបន្តរីកចម្រើនឈានដល់ចំណុចរបត់មួយនៃការលូតលាស់លឿន។
លោកអគ្គនាយកបានអំពាវនាវដល់វិនិយោគិនទាំងអស់ឱ្យបន្តចូលរួម បង្កើនសមត្ថភាពនៃការយល់ដឹង និងទទួលយកផលចំណេញរៀងៗខ្លួនពីវិស័យនេះ។ ការចូលរួមនេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកចាក់បញ្ចូលសាច់ប្រាក់ទំនេរទៅក្នុងសេដ្ឋកិច្ចជាតិ ជួយជំរុញវឌ្ឍនភាពប្រទេសជាតិឱ្យដើរទៅមុខដូចបំណងប្រាថ្នា។ ការប្រែប្រួលតម្លៃឡើងចុះ គឺជាធម្មជាតិនៃទីផ្សារ ដែលបង្ហាញពីភាពចាស់ទុំ និងការយល់ដឹងរបស់វិនិយោគិនក្នុងការសម្រេចចិត្តទិញលក់ប្រកបដោយទំនួលខុសត្រូវ៕













