FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច រួមគ្នាពង្រឹងវិធានការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងទប់ស្កាត់ហានិភ័យចំពោះមុខ

30-09-2026 11:56

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងនាមជាសហប្រធាន បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការជាតិស្ថិរភាពហិរញ្ញវត្ថុលើកទី២ នៅធនាគារជាតិនៃកម្ពុជា ដើម្បីពង្រឹងវិធានការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងទប់ស្កាត់ហានិភ័យចំពោះមុខ។

កិច្ចប្រជុំនេះមានការចូលរួមពីសមាជិក និងសមាជិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ដើម្បីពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ហាប្រឈម ព្រមទាំងគោលនយោបាយ និងវិធានការចាំបាច់សម្រាប់រក្សាស្ថិរភាពហិរញ្ញវត្ថុ។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាអំពីវិធានការរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរហិរញ្ញវត្ថុពាក់ព័ន្ធ ទាំងក្នុងវិស័យធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីកត្តាហានិភ័យនានា ជាពិសេសបញ្ហាភូមិសាស្ត្រនយោបាយ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្ថានការណ៍ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានផ្តោតលើការវាយតម្លៃហានិភ័យម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំងក្នុងវិស័យធនាគារ និងមិនមែនធនាគារ ដែលអាចកើតមានពីស្ថានភាពសេដ្ឋកិច្ចសកល និងក្នុងស្រុក ដែលកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ និងការប្រែប្រួលខ្ពស់។

អង្គប្រជុំបានពិភាក្សាអំពីយន្តការចម្លង និងភាពប្រទាក់ក្រឡារវាងវិស័យនានា ដែលអាចបង្កផលប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុជារួម ព្រមទាំងការដាក់ចេញនូវវិធានការបុរេសកម្ម ដើម្បីទប់ស្កាត់ និងគ្រប់គ្រងការវិវត្តនៃហានិភ័យឱ្យបានទាន់ពេលវេលា។

ទន្ទឹមនេះ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ សំដៅគាំទ្រកំណើនសេដ្ឋកិច្ច ពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិន និងសាធារណជន ព្រមទាំងធានាឱ្យប្រព័ន្ធហិរញ្ញវត្ថុអាចបន្តដំណើរការបានប្រកបដោយភាពធន់។

អង្គប្រជុំក៏បានលើកឡើងពីសារៈសំខាន់ នៃការកសាងសមត្ថភាពជំនាញ ការបន្តពង្រឹងកិច្ចសហការ និងការសម្របសម្រួល ក្នុងការអនុវត្តគោលនយោបាយ ព្រមទាំងការផ្លាស់ប្តូរព័ត៌មាន និងទិន្នន័យរវាងអាជ្ញាធរហិរញ្ញវត្ថុ ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ។

ការងារទាំងនេះត្រូវបានចាត់ទុកថាមានសារៈសំខាន់ក្នុងការតាមដាន បង្ការ ទប់ស្កាត់ និងគ្រប់គ្រងហានិភ័យឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងសង្គតិភាព ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងត្រៀមខ្លួនឱ្យបានប្រសើរជាងមុន ក្នុងការទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចដែលអាចកើតមាននាពេលខាងមុខ៕