FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជាន់ខ្ពស់អាកា​សចរស៊ីវិល៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានបំពាក់ប្រព័ន្ធការពារទឹកជំនន់កម្រិតខ្ពស់ ដោយគណនាប្រវត្តិសាស្ត្រនៃទឹកជំនន់ពី ១០០ ទៅ២០០ឆ្នាំ ដើម្បីធានាបានភាពធន់នៃដំណើរការហោះហើរ (Video inside)

30-09-2026 11:33

(ភ្នំពេញ)៖ ឆ្លើយតប​នឹង​​ក្តីបារ​ម្ភជុំវិញបញ្ហាទឹកជំនន់ លោក ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ​បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរចនា និងសាងសង់ឡើងយ៉ាងយកចិត្តទុកដាក់ ដោយបានរួមបញ្ចូលដំណោះស្រាយវិស្វកម្មជលសាស្ត្រកម្រិតខ្ពស់បំផុត ដើម្បីធា​នាថា ទឹកជំនន់ធម្មតាមិនអាចជន់លិចអាកាសយានដ្ឋាននេះបានឡើយ​ និងធានាបាននូវភាពធន់នៃដំណើរការ។ ​

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ស៊ីន ចាន់សិរីវត្ថា បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលជាអាកាសយានដ្ឋានកម្រិត 4F ត្រូវបានសាងសង់ឡើងស្របតាមស្តង់ដាសុវត្ថិភាពអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ជាមួយនឹងប្រព័ន្ធវិស្វកម្មការពារទឹកជំនន់ពហុស្រទាប់ដ៏រឹងមាំ។ ការរចនាដ៏ទំនើបនេះ ឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះបម្រែបម្រួលអាកាសធាតុ និងបទពិសោធន៍នៃការកកស្ទះដោយសារជំនន់ទឹកភ្លៀងនៅបណ្ដាអាកាសយានដ្ឋានក្នុងតំបន់ ដើម្បីធានាថាប្រតិបត្តិការហោះហើរមិនរអាក់រអួល។

គ្រឹះនៃអាកាសយានដ្ឋាន TIA ត្រូវបានប្រើប្រាស់វិស្វកម្មកម្រិតខ្ពស់បំផុត ដោយធានាបាននូវសុវត្ថិភាពពីទឹកជំនន់ ជាប្រវត្តិសាស្ត្រធំបំផុត។ ហេដ្ឋារចនាសម្ព័ន្ធទូទៅត្រូវបានរចនាឡើង ដើម្បីទប់ទល់នឹងកម្រិតជំនន់ ឬទឹកភ្លៀងធំបំផុតក្នុងព្រឹត្តិការណ៍ ១០០ឆ្នាំម្ដង ខណៈអគារស្ថានីយ និងប្រព័ន្ធថាមពលត្រូវបានការពារលើសពី ២០០ឆ្នាំ។ ដូច្នេះ ទឹកជំនន់ធម្មតាមិនអាចជន់លិចអាកាសយានដ្ឋាននេះបានឡើយ។

លោកបន្ថែមថា «អាកាសយានដ្ឋាននេះនឹងមិនអាចជួបបញ្ហាទឹកជំនន់ធ្ងន់ធ្ងរ ដូចករណីខ្លះនៅប្រទេសជិតខាងនោះទេ​ ដោយសារការគណនាសម្រាប់វដ្តនៃការកើតឡើងវិញនៃទឹកជំនន់ពី ១០០ ទៅ ២០០ឆ្នាំម្តង ត្រូវបានបញ្ចូលទៅក្នុងការរចនារួចជាស្រេច»។

លោកបានឱ្យដឹងដែរថា TIA ក៏មានរៀបចំនូវអាងស្តុកទឹកបណ្ដោះអាសន្នធំៗ ប្រឡាយរំដោះទឹក និងស្ទាក់ដ៏ប្រទាក់ក្រឡាជុំវិញ ដើម្បីធានាការបង្ហូរទឹកភ្លៀងចេញជាដំណាក់កាល។ លើសពីនេះ ស្ថានីយបូមទឹកស្វ័យប្រវត្តិកម្លាំងខ្ពស់អាចបូមបញ្ចេញទឹកភ្លាមៗរាប់ម៉ឺនម៉ែត្រគូបក្នុងមួយម៉ោង នៅពេលទឹកខាងក្រៅឡើងខ្ពស់ ដោយទ្វារទឹកស្វ័យប្រវត្តិនឹងបិទមិនឱ្យទឹកហូរច្រាសចូលឡើយ។

ទន្ទឹមគ្នានេះ ផ្លូវធំៗតភ្ជាប់ទៅអាកាសយានដ្ឋាន (ដូចជាមហាវិថី ៦០ម៉ែត្រ) ត្រូវបានលើកកម្ពស់ខ្ពស់ផុតពីទឹក​ ដើម្បីធានាថាមិនមានការរំខានពីគ្រោះទឹកជំនន់ឡើយ។ ​បន្ថែមពីនេះអាកាសយានដ្ឋានមានកន្លែងស្នាក់នៅបម្រុង សម្រាប់បុគ្គលិកសំខាន់ៗ និងប្រព័ន្ធថាមពលអគ្គិសនីបម្រុងស្វ័យប្រវត្តិ ដើម្បីធានាការដឹកជញ្ជូនវ៉ាលី និងការហោះហើរដំណើរការជាធម្មតា៕