FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ADB ផ្តល់ការវិនិយោគមូលធនថ្មីចំនួន ៦០ម៉ឺនដុល្លារ ដល់ក្រុមហ៊ុនកសិពាណិជ្ជកម្មចំនួនពីរ ដែលដឹកនាំដោយស្ត្រីនៅកម្ពុជា

30-09-2026 10:41

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ការវិនិយោគមូលធនថ្មីចំនួន៦០ម៉ឺនដុល្លារ ដល់ក្រុមហ៊ុនកសិពាណិជ្ជកម្មចំនួនពីរ ដែលដឹកនាំដោយស្ត្រីនៅកម្ពុជា ដែលនឹងជួយគាំទ្រក្រុមហ៊ុនទាំងពីរជំរុញឱកាសកំណើនថ្មី និងរួម ចំណែក ដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាពរបស់ប្រទេស។

ការវិនិយោគនេះធ្វើឡើងតាមរយៈគម្រោង ADB Frontier ដែលជាគម្រោងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមដែលមានសក្តានុពលកំណើនលឿន។ ការវិនិយោគនេះនឹងជួយក្រុមហ៊ុនកែច្នៃអាហារ កម្ពុជា មានឈ្មោះថាសហគ្រាស សេកពីរ ដែលដឹកនាំដោយស្ត្រី និងក្រុមហ៊ុនកែច្នៃទឹកដោះគោ មានឈ្មោះថា Khmer Milky Food (KMF) ដែលជាសហកម្មសិទ្ធិរបស់ស្ត្រី ដើម្បីពង្រីកផលិតកម្ម ពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក និងបង្កើតការងារ។

លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «ការវិនិយោគលើសហគ្រាស ដែលដឹកនាំដោយស្ត្រី អាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់សេដ្ឋកិច្ចកម្ពុជា។ តាមរយៈការគាំទ្រដល់កំណើនរបស់សហគ្រាសទាំងនោះ ADB កំពុងពង្រឹងវិស័យកសិពាណិជ្ជកម្ម ឱ្យមានសមត្ថភាពប្រកួតប្រជែង និងភាពធន់កាន់តែខ្លាំងសំដៅបង្កើតឱកាសសម្រាប់ស្ត្រី កសិករ និងមនុស្សជំនាន់ក្រោយ»។

វិស័យផលិតម្ហូបអាហាររបស់កម្ពុជាកំពុងរីកចម្រើន ដោយមានអាជីវកម្មក្នុងស្រុកថ្មីៗផលិតផលិត ផល ដែលពីមុនពឹងផ្អែកលើការនាំចូល។ សហគ្រាស សេកពីរ គឺជាម៉ាកសញ្ញាផលិតផលកម្ពុជាដ៏លេចធ្លោមួយសម្រាប់ផលិតផលធ្វើពីម្សៅអង្ករ និង ជាសហគ្រាសដំបូងគេដែលផលិតមីធ្វើពីអង្ករ។ សហគ្រាស KMF ផលិត ឈីស និងយ៉ាអួ មានគុណភាព ពីទឹកដោះគោមានប្រភពក្នុងស្រុក ដោយផ្តល់នូវជម្រើសថ្មី ដែលមិនបន្ថែមសារធាតុរក្សាទុកទុកឲ្យបានយូរ។ សហគ្រាសទាំងពីរ ប្រើវត្ថុធាតុដើមភាគច្រើនដែលមានប្រភពក្នុងប្រទេសកម្ពុជា ហើយកែច្នៃវាក្នុងស្រុកដែរ។

លោកស្រី គឹត សោភ័ណ អ្នកគ្រប់គ្រងផ្នែកវិនិយោគនៃគម្រោង ADB Frontier បានថ្លែងថា «សហគ្រាសអាជីវកម្មទាំងពីរបា នចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេសកម្ពុជា ប្រើប្រាស់ប្រភពវត្ថុធាតុដើមក្នុងស្រុក កែច្នៃផលិតផលរបស់ខ្លួនក្នុងស្រុក និងបង្កើតខ្សែច្រវាក់តម្លៃ ដែលជួយរក្សាឱកាសសេដ្ឋកិច្ច និងចំណូលឱ្យស្ថិតនៅក្នុងប្រទេស»។

គម្រោង ADB Frontier គាំទ្រសហគ្រាសដែលមិនទាន់ទទួលបានការគាំទ្រគ្រប់គ្រាន់ឱ្យមានឱកាសរីកចម្រើន តាមរយៈការផ្តល់ហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត និងភាពបត់បែន ស្របតាមតម្រូវការអាជីវកម្មខ្នាតតូច និងកំពុងរីកចម្រើន។ គ្រប់គ្រងដោយ ADB គម្រោងនេះត្រូវបានផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលអូស្ត្រាលី សាធារណរដ្ឋកូរ៉េ និងស្វីស រួមជាមួយដៃគូផ្សេងទៀត។

ការវិនិយោគលើ សហគ្រាស សេកពីរ នឹងផ្តល់ដើមទុន ដើម្បីទិញវត្ថុធាតុដើមក្នុងបរិមាណច្រើន នៅរដូវប្រមូលផល ដែលជួយកាត់បន្ថយថ្លៃដើម និងបង្កើនការផលិត សម្រាប់ការពង្រីកទីផ្សារនាំចេញទៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ ការវិនិយោគលើសហគ្រាស KMF នឹងផ្តល់មូលនិធិសម្រាប់ឧបករណ៍ផលិតកម្ម និងម៉ាស៊ីនវេចខ្ចប់ ទំនើបជាងមុន បង្កើនសមត្ថភាពផលិត និងពង្រឹងការគ្រប់គ្រងគុណភាពផលិតកម្មកាន់តែល្អ៕