នូវែលសេឡង់គាំទ្រសំណើរកម្ពុជា ចូលជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)
28-09-2026 15:53
(ភ្នំពេញ)៖ លោកស្រី Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី បានបង្ហាញការគាំទ្រចំពោះសំណើកម្ពុជា ក្នុងការចូលជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលជាសញ្ញាវិជ្ជមានសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ និងការបើកទីផ្សារថ្មី។
ការបង្ហាញការគាំទ្រនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រីជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។
ក្នុងជំនួបនោះដែរ លោកស្រី ចម និម្មល បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះការតែងតាំងលោកស្រីវឯកអគ្គរដ្ឋទូតថ្មី និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់នូវែលសេឡង់លើការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍ និងជំនួយបច្ចេកទេស ដែលបានជួយលើកកម្ពស់ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់ៗដូចជា RCEP និង AANZFTA។
ភាគីទាំងពីរបានរំលឹកឡើងវិញនូវចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ជាពិសេសលើវិស័យពាណិជ្ជកម្ម ដោយបានកត់សម្គាល់ពីកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សាអំពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើនបន្ថែមទៀត តាមរយៈការអនុវត្តឱ្យបានពេញលេញ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលភាគីទាំងពីរជាសមាជិក។
ជុំវិញសំណើរសុំចូលជាជាសមាជិកកិច្ចព្រមព្រៀង CPTPPនេះ លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការ ផ្តល់យោបល់លើគោលនយោបាយ ពាណិជ្ជកម្ម (គ.ផ.គ.ព.) បានប្រាប់បណ្តាញព័ត៌មាន Fresh News នាពេលកន្លងមកថា តាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កម្ពុជាបាននិងកំពុងតែចរចាចូលជាសមាជិកកិច្ចព្រមព្រៀង CPTPP។ ការចូលជាសមាជិកកិច្ចព្រមព្រៀងនេះ រំពឹងថានឹងអាចបើកទីផ្សារសម្រាប់ផលិតផលឱ្យកាន់តែធំទូលាយបន្ថែមទៀត។
លោកបានលើកឡើងថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងមានលទ្ធភាពចាប់យកទីផ្សារមួយចំនួនទៀតនៅតំបន់អាមេរិកឡាទីន ដូចជាកាណាដា ម៉ិចស៊ិចកូ ឈីលី និងប៉េរ៉ូជាដើម៕




