FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងដឹកនាំក្រុមហ៊ុននាំចេញអង្ករចំនួន១២ ចូលរួមពិព័រណ៍ទៅទីក្រុប៉ារី​ ប្រទេសបារាំង ដើម្បីជំរុញទីផ្សារអង្ករកម្ពុជា

28-09-2026 15:42

(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) នឹងដឹកនាំក្រុមហ៊ុននាំចេញអង្ករ​ចំនួន១២ ចូលរួមតាំងបង្ហាញផលិតផលអង្ករកម្ពុជា ដែលមានគុណភាពខ្ពស់ និងធ្លាប់បានឈ្នះនូវពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោក ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris 2026 ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី១៧ រហូតថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ការចូលរួមតាំងបង្ហាញផលិតផលអង្ករកម្ពុជាក្នុងពិព័រណ៍អន្តរជាតិនេះ ធ្វើឡើងក្រោមកិច្ចយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សហគ្រិនខ្មែរ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ​សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំការតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុននាំចេញអង្ករកម្ពុជាជាក្រុមរួមគ្នា ក្រោមពន្លារួមនៃទង់ជាតិកម្ពុជាដ៏ស្រស់ស្អាតមួយ ដែលមានទំហំ ៩៦ ម៉ែត្រការ៉េ ស្ថិតនៅស្តង់ C006 អាគារ Hall 8។​

នេះជាការចូលរួម​ជាលើកទី៣ សម្រាប់សហព័ន្ធស្រូវអង្ករកម្ពុជា បន្ទាប់ពីការចូលរួមលើកទី២ ក្នុងឆ្នាំ២០២៤ និងលើកទី១ ក្នុងឆ្នាំ២០១៤។

គោលបំណងចម្បងនៃការចូលរួមក្នុងពិព័រណ៍ SIAL Paris 2026 គឺដើម្បីផ្សព្វផ្សាយអំពីអង្ករ និងផលិតផលធ្វើពីអង្ករដែលមានគុណភាព និងស្តង់ដាររបស់កម្ពុជា ជំរុញការនាំចេញស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងធ្វើពិពិធកម្មទីផ្សារ។ ព្រឹត្តិការណ៍នេះ នឹងបង្កើនឱកាស និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញអន្តរជាតិ ជាពិសេសអ្នកទិញនៅទីផ្សារទ្វីបអឺរ៉ុប។​

ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ SIAL Paris 2026 គឺជាពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារដ៏ធំបំផុតមួយនៅលើពិភពលោក ដែលប្រមូលផ្តុំអ្នកតាំងពិព័រណ៍ជាង ៨,០០០ ក្រុមហ៊ុន និងអ្នកជំនាញក្នុងវិស័យម្ហូបអាហារប្រមាណ ២៩៥,០០០ នាក់។
ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាវេទិកាដ៏សំខាន់សម្រាប់ការបង្ហាញនូវនវានុវត្តន៍ម្ហូបអាហារថ្មីៗ ការបង្កើតភាពជាដៃគូអាជីវកម្ម និងការស្វែងយល់អំពីនិន្នាការទីផ្សារ។ SIAL Paris 2026 ត្រូវបានរៀបចំឡើងជារៀងរាល់ពីរឆ្នាំម្ដង និងសម្រាប់ឆ្នាំ២០២៦នេះ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងនៅតំបន់ Paris Nord Villepinte ទីក្រុងប៉ារីស ប្រទេសបារាំង។ សម្រាប់ពន្លាសហព័ន្ធស្រូវអង្ករកម្ពុជា មានទីតាំងស្ថិតនៅស្តង់ C006 អាគារ Hall 8។

ក្រុមហ៊ុនដែលនឹងចូលរួមតាំងបង្ហាញនូវផលិតផលនៅព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ SIAL Paris 2026 ក្រោមពន្លារបស់សហព័ន្ធស្រូវអង្ករកម្ពុជា រួមមាន៖

១. ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល លីមីធីត (D-017)
២. ក្រុមហ៊ុន អៀង ហ៊ាង អ៊ីមផត អិចផត ខូអិលធីឌី (D-015)
៣. ក្រុមហ៊ុន ឥណ្ឌូ ឆាយណា រ៉ាយស៍ មីល លីមីធីត (D-013)
៤. ក្រុមហ៊ុន វង្ស ប៊ុនហេង អុីមផត អិចផត (D-011)
៥. ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូអិលធីឌី (D-009)
៦. ក្រុមហ៊ុន ខ្មែរ ហ៊្វូត គ្រុប (D-007)
៧. ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា) (C-008)
៨. ក្រុមហ៊ុន ហ្វេត រ៉ាយស៍ បាត់ដំបង អិលធីឌី (C-010)
៩. ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន (C-012)
១០. ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍ (C-014)
១១. ក្រុមហ៊ុន ប៊ីអអិម អាហ្រោ (C-016)
១២. ក្រុមហ៊ុន ដេលី ហ្រ្វេស ហ៊្វូដ (ខេមបូឌា) (C-020)៕