FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យល់ដឹងពីជំនួញ៖ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា លើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យម បើកចិត្តជជែកជាមួយអ្នកជំនាញរៀបចំឯកសារហិរញ្ញវត្ថុ ដើម្បីទាញយកទុនពីផ្សារមូលបត្រ (Video inside)

27-09-2026 08:17

(ភ្នំពេញ)៖ ការរៀបចំឯកសារហិរញ្ញវត្ថុបានច្បាស់លាស់ មិនត្រឹមតែជាឱកាសសម្រាប់ម្ចាស់អាជីវកម្មពង្រឹងខ្លួនឯង និងយល់ដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកទ្វារធំទូលាយសម្រាប់ពួកគេ ក្នុងការទទួលបានទុនពីធនាគារ ឬហិរញ្ញទានពង្រីកអាជីវកម្មពីវិស័យមូលបត្រផងដែរ។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានលើកទឹកចិត្ត​ដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ឲ្យបើកចិត្តជជែកជាមួយអ្នកជំនាញ ក្នុងការរៀបចំឯកសារផ្សេងៗ ដើម្បីងាយស្រួលចូលទីផ្សារទាញយកទុនពីផ្សារមូលបត្រ សម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន។

លោក ស៊ូ សុជាតិ ​លើកឡើងបែបនេះ ​ក្នុងបរិបទដែលម្ចាស់សហគ្រាសមួយចំនួន នៅតែជួបការលំបាកក្នុងការទទួលបានហិរញ្ញប្បទានពីធនាគារ ឬផ្សារមូលបត្រ ដោយសារបញ្ហាជាប់ទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុ។

លោក ស៊ូ សុជាតិ បានបញ្ជាក់ថា បញ្ហាចម្បងមិនមែនស្ថិតនៅលើភាពលំបាកនៃការរៀបចំឯកសារនោះទេ ប៉ុន្តែជាក្ដីបារម្ភ និងការភ័យខ្លាចរបស់ម្ចាស់សហគ្រាស ចំពោះភាពស្មុគស្មាញ និងផលវិបាកនានា នៅពេលចូលទៅក្នុងប្រព័ន្ធផ្លូវការ។ លោកបានសង្កត់ធ្ងន់ថា ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មិនមែនជាបន្ទុករបស់ម្ចាស់អាជីវកម្មផ្ទាល់នោះទេ គឺមានក្រុមហ៊ុនជំនាញដែលទទួលបានអាជ្ញាប័ណ្ណ ពីនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) អាចជួយរៀបចំបាន។

លោកអគ្គនាយកបានលើកទឹកចិត្តឲ្យម្ចាស់សហគ្រាសបោះបង់ក្ដីបារម្ភ ហើយចាប់ផ្ដើមបើកចិត្តក្នុងការទៅជជែកជាមួយអ្នកជំនាញ។ អ្នកជំនាញនឹងណែនាំអំពីឯកសារចាំបាច់នានា ដូចជាវិក្កយបត្រចំណូលចំណាយ និងរបៀបចាត់ចែងថវិកា ដើម្បីរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវតាមស្តង់ដារ។

តែយ៉ាងណា លោកបា​នឱ្យដឹងថា បច្ចុប្បន្ននេះចំនួនម្ចាស់សហគ្រាស ដែលបានផ្ដល់របាយការណ៍ហិរញ្ញវត្ថុជូននិយ័តករនេះ មានការកើនឡើងជាលំដាប់ ដែលឆ្លុះបញ្ចាំងពីការយល់ដឹងកាន់តែប្រសើរឡើង។

តាមរយៈការចូលរួមក្នុងប្រព័ន្ធ និងការរៀបចំអាជីវកម្មប្រកបដោយចីរភាព នឹងជួយឲ្យសហគ្រាសកម្ពុជាអាចបន្តដំណើរការបានយូរអង្វែង និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ៕