FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យា ផ្តាំទៅប្រជាពលរដ្ឋឱ្យចេះការពារខ្លួន៖ «កុំឃើញ Link ចេះតែចុច និងកុំលឺអី ចេះតែជឿ សូមផ្ទៀងផ្ទាត់ឱ្យច្បាស់»! (Video inside)

26-09-2026 08:28

(ភ្នំពេញ)៖ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​ក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងចេះការពារខ្លួន ពីការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ ដោយសង្កត់ធ្ងន់ថា «កុំឃើញ Link ចេះតែចុច និងកុំលឺអី ចេះតែជឿ សូមផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់»។ ​

លោកប្រធាននាយកដ្ឋាន បានពន្យល់​ពីយុទ្ធសាស្ត្របោកបញ្ឆោតមួយចំនួន ដែលជនខិលខូចតែងប្រើប្រាស់ ដូចជាការផ្ញើឯកសារ (File) តាមទូរសព្ទដៃ ហើយណែនាំឲ្យបើកតាមកុំព្យូទ័រ។

លោកបានបញ្ជាក់ថា ឯកសារទាំងនោះជាទូទៅត្រូវបានរចនាឡើង សម្រាប់ដំណើរការលើកុំព្យូទ័រ ហើយប្រសិនបើប្រជាពលរដ្ឋធ្វើតាមការណែនាំនោះ កុំព្យូទ័ររបស់ពួកគេអាចនឹងត្រូវបានលួចចូល (Hack)។ ដូច្នេះ ប្រសិនបើឃើញមានការណែនាំបែបនេះ សូមកុំចុចបើក ហើយលុបចោលភ្លាមៗ ព្រោះការចុចតាមទូរសព្ទដៃមិនមានបញ្ហាអ្វីនោះទេ។

ដើម្បីជៀសវាងការធ្លាក់ក្នុងអន្ទាក់បោកបញ្ឆោត លោកបានផ្តល់អនុសាសន៍សំខាន់ៗចំនួនពីរ៖ ទីមួយ ពេលឃើញ Link អ្វីមួយ សូមកុំចេះតែចុច ទោះបីជា Link នោះត្រូវបានផ្ញើចេញពីមិត្តភក្តិ ឬសហការីក៏ដោយ ព្រោះគណនីរបស់ពួកគេអាចត្រូវបានគេលួចចូល​ និងត្រូវគិតឲ្យបានច្បាស់លាស់មុននឹងចុច។ ទីពីរ ពេលឮព័ត៌មាន ឬឃើញវីដេអូអ្វីមួយ សូមកុំចេះតែជឿភ្លាមៗ ត្រូវផ្ទៀងផ្ទាត់ប្រភពឲ្យបានច្បាស់លាស់ជាមុនសិន។ ​

លោក អ៊ូ ផាន់ណារិទ្ធលើកឡើងឡើងបែបនេះ ធ្វើឡើងក្នុង កម្មវិធី​ «ជជែកអំពីសន្តិសុខសាយប័រ» លើប្រធានបទ៖ «ការ គំរាមកំហែងសន្តិសុខ អិនធើណែតនៅកម្ពុជានៅ ឆ្នាំ ២០២៧»៕

សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក អ៊ូ ផាន់ណារិទ្ធ៖