ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យា ណែនាំឱ្យ Update Software ទូរស័ព្ទជាប្រចាំ, កុំ Download App ណាដែលមិនចាំបាច់ និងកុំភ្ជាប់ Public Wifi ផ្តេសផ្តាស (Video inside)
26-09-2026 08:27
(ភ្នំពេញ)៖ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ប្រសិនបើមិនមានការចាំបាច់នោះទេ សូមមេត្តាកុំ Download App ដែលមិនចាំបាច់ណាដាក់ក្នុងទូរស័ព្ទដៃច្រើនពេក ព្រោះអាចមានកត្តាហានិភ័យណាមួយកើតឡើង ដោយយើងនឹងស្មានមិនដល់ ក្នុងនោះសូមឧស្សាហ៍ឆែកទូរស័ព្ទដៃ និងធ្វើការ Update Software ឱ្យបានជាប្រចាំផងដែរ។
ការលើកឡើងរបស់លោក អ៊ូ ផាន់ណារិទ្ធ ធ្វើឡើងក្នុងកម្មវិធី CYBER SECURITY ក្រោមប្រធានបទ៖ «ការគំរាមកំហែងសន្តិសុខអិនធើណែត នៅកម្ពុជាឆ្នាំ២០២៧»។
លោក អ៊ូ ផាន់ណារិទ្ធ បានថ្លែងឲ្យដឹងថា សូមតាមដាន Update Software ទូរស័ព្ទដៃជាប្រចាំ ព្រោះការ Update នេះគឺជាការចូលទៅជួសជុល បញ្ហានៃ Version ចាស់ និងបង្កើតសុវត្ថិភាពបញ្ចៀសការ Hack ពីជនខិលខូច និងបានបង្កើតមុខងារថ្មីៗជាច្រើនទៀត ឲ្យកាន់តែប្រសើរឡើង។
លោកបានបញ្ជាក់ថា ក្នុងនោះកម្មវិធីមួយចំនួនដែលមិនចាំបាច់ ពុំគួរ Download យកមកទុកក្នុងទូរស័ព្ទដៃនោះឡើយ ព្រោះជនខិលខូចអាច Hack តាមរយៈកម្មវិធីដែលយើងបាន Download យកមកទុកក្នុងទូរស័ព្ទដៃ។ កត្តាសំខាន់មួយទៀត នឹងភាគច្រើនពុំសូវបានដឹងនោះទេ គឺការដែលតភ្ជាប់ Wifi ផ្ដេសផ្ដាស ជាការពិតការប្រើប្រាស់ WiFi គឺមានភាពងាយស្រួល ទន្ទឹមនឹងភាពងាយស្រួលនេះ ក៏មានហានិភ័យ Hack យកគណនីតាមរយៈការភ្ជាប់ WiFI នេះផងដែរ៕
សូមស្តាប់ការលើកឡើងរបស់លោក អ៊ូ ផាន់ណារិទ្ធ៖
