អ្នកឧកញ៉ា លឹម ហេង៖ ការនាំគ្នាដើរស្រែកថា សេដ្ឋកិច្ចមានវិបត្តិកុំនាំគ្នាចាយលុយ គឺជាការធ្វើអត្តឃាតខ្លួនឯង (Video inside)
24-09-2026 16:57
(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងឱ្យដឹងថា ការដែលយើងនាំគ្នាដើរស្រែកថា សេដ្ឋកិច្ចមានវិបត្តិកុំនាំគ្នាចាយលុយ គឺជាការធ្វើអត្តឃាតខ្លួនឯង ព្រោះការមិនចាយលុយនឹងធ្វើវិស័យផ្សេងៗជាប់គាំ ហើយវាអាចឈានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ចុះខ្សោយផងដែរ។
អ្នកឧកញ៉ា លឹម ហេង បានថ្លែងឱ្យដឹងថា ការដែលយើងជំរុញឱ្យចាយលុយទិញ-លក់ គឺដើម្បីចរន្តសេដ្ឋកិច្ចរបស់កម្ពុជា រុញកំណើនសេដ្ឋកិច្ច ទំហំពាណិជ្ជកម្ម នៅតែមានកំណើន ទាំងការនាំចេញ ទាំងការនាំចូល។
ជាក់ស្ដែងដូចការលើកឡើងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងអំពីភាពរឹងមាំនៃសេដ្ឋកិច្ចនៅតែមានកំណើន។ ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងពីកំណើនសេដ្ឋកិច្ចថា មានកំណើនចន្លោះ ៤.១ ភាគរយ។ ដូច្នេះអាចបញ្ជាក់បានថា កំណើនសេដ្ឋកិច្ច ទំហំពាណិជ្ជកម្មនៅកម្ពុជានៅតែមានកំណើន។ ចំពោះអ្នកដែលដើរប្រកូកប្រកាសថា សេដ្ឋកិច្ចកម្ពុជាមិនល្អទេ អ្នកនោះមិនមែនជាប្រជាជនកម្ពុជាឡើយ។
អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា ជាការពិតជាក់ស្ដែងអ្នកលក់រាយនៅក្នុងទីក្រុងភ្នំពេញ មានកន្លែងខ្លះបានបិទទ្វារតែការបិទទ្វារនេះ មិនមានតួលេខច្បាស់លាស់ឡើយ យើងឃើញជាក់ស្ដែងថា មានកន្លែងខ្លះបិទមែន ប៉ុន្តែទន្ទឹមនឹងការបិទទ្វារនៃតូបខ្លះ ក៏មានការកើនឡើងនៃសន្ទុះលក់អនឡាញផងដែរ។ អាជីវករមួយចំនួនបានបង្វែរទិស ពីការលក់តាមទីផ្សារ ទៅជាការលក់លើអនឡាញ ដោយមិនចាំបាច់ចំណាយថ្លៃតូបជួល ឬថ្លៃបុគ្គលិកជាដើម។
អ្នកឧកញ៉ាបានបញ្ជាក់ថា «យើងលើកទឹកចិត្តឱ្យអាជីវករទាំងអស់ទិញលក់ ដើម្បីដំណើរការសេដ្ឋកិច្ចបានល្អប្រសើរ ការចាយលុយជាចលនាមួយ ជំរុញសេដ្ឋកិច្ចក្នុងស្រុក បើយើងនាំគ្នាស្រែកថា កុំចាយលុយសេដ្ឋកិច្ចកំពុងពិបាកនេះ ជាការធ្វើអត្តឃាតខ្លួនឯង ព្រោះការមិនចាយលុយនឹងធ្វើវិស័យផ្សេងៗជាប់គាំ ហើយវាអាចឈានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាចុះខ្សោយផងដែរ៕

