FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សភាពាណិជ្ជកម្មកម្ពុជា ប្រមូលធាតុចូលពីវិស័យឯកជន ដើម្បីរៀបចំយុទ្ធសាស្ត្រអន្តរកាលដោយរលូនលើវិស័យពាណិជ្ជកម្ម សម្រាប់ការចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច

23-09-2026 21:26

(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលពីវិស័យឯកជន ក្នុងការរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រអន្តរកាលដោយរលូនលើវិស័យពាណិជ្ជកម្ម សម្រាប់ការចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation)។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដោយមានការចូលរួមពីឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងឧកញ៉ា នួន ពេជ្រសុផល អគ្គនាយិការងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាជាមួយលោក Paul Baker ទីប្រឹក្សាជាន់ខ្ពស់នៃគម្រោង EU-German GATE ដើម្បីប្រមូលធាតុចូលសំខាន់ៗពីវិស័យឯកជន ពាក់ព័ន្ធនឹងកង្វល់ បញ្ហាប្រឈម និងវិស័យអាទិភាពនានា។

ធាតុចូលទាំងនេះមានសារៈសំខាន់ណាស់ក្នុងការរួមចំណែករៀបចំសេចក្តីព្រាង «យុទ្ធសាស្ត្រអន្តរកាលដោយរលូនលើវិស័យពាណិជ្ជកម្ម» ដែលជាផែនការយុទ្ធសាស្ត្រដ៏ចាំបាច់សម្រាប់ដំណើរកម្ពុជាឆ្ពោះទៅមុខក្រោយការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច។

យុទ្ធសាស្ត្រនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងពាណិជ្ជកម្ម និងសហការជាមួយ GIZ ក្នុងការវាយតម្លៃលើការផ្លាស់ប្តូរគោលនយោបាយ និងបទប្បញ្ញត្តិ ការចូលទីផ្សារ ផលប៉ះពាល់តាមវិស័យ ឱកាសធ្វើពិពិធកម្មទីផ្សារ និងផលិតផល ព្រមទាំងការរៀបចំផែនទីបង្ហាញផ្លូវ និងក្របខណ្ឌតាមដាន និងវាយតម្លៃ។ សភាពាណិជ្ជកម្មកម្ពុជាក្នុងនាមតំណាងឱ្យវិស័យឯកជន បានសម្តែងការស្វាគមន៍ចំពោះការរៀបចំយុទ្ធសាស្ត្រនេះ និងត្រៀមខ្លួនជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍ ដើម្បីធានាថា យុទ្ធសាស្ត្រនេះឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អាជីវកម្មកម្ពុជា ជាពិសេសសហគ្រាសធុនតូច និងមធ្យម។

សភាពាណិជ្ជកម្មកម្ពុជាជឿជាក់យ៉ាងមុតមាំថា កិច្ចសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន តាមរយៈការពង្រឹងសមត្ថភាព និងការបន្តគាំទ្រដល់ការចូលទីផ្សារ នឹងមានសារៈសំខាន់ក្នុងការធានាឱ្យដំណើរការផ្លាស់ប្តូររបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ប្រព្រឹត្តទៅដោយរលូន ប្រកបដោយភាពធន់ និងចីរភាព ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព៕