FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភាពទន់ខ្សោយនៃសកម្មភាពទេសចរណ៍ បង្ខំឱ្យ ADB ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាពី ៤.១% មកនៅត្រឹម ៣.៩%

23-09-2026 08:49

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម ៣.៩% សម្រាប់ឆ្នាំ២០២៦ ពី ៤.១% ដែលបានព្យាករកាលពីខែកក្កដា ដែលនេះឆ្លុះបញ្ចាំងពីសកម្មភាពខ្សោយជាងការរំពឹងទុកក្នុងវិស័យទេសចរណ៍ និងសេវាកម្មពាក់ព័ន្ធនានា។

កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងកើនឡើងដល់ ៤.៧% ក្នុងឆ្នាំ២០២៧ ជំរុញដោយភាពធន់នៃវិស័យកម្មន្តសាល ការធ្វើពិពិធកម្មការនាំចេញ និង ការវិនិយោគផ្ទាល់ពីបរទេសជាបន្តបន្ទាប់។

លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB មានប្រសាសន៍ថា «សេដ្ឋកិច្ចកម្ពុជាបន្តបង្ហាញភាពធន់។ កំណើនដ៏រឹងមាំនៃការនាំចេញផលិតផលកម្មន្តសាល និងការបន្តមានលំហូរចូលទុនវិនិយោគពីបរទេស កំពុងជួយប៉ះប៉ូវបញ្ហាប្រឈមក្នុងវិស័យទេសចរណ៍។ កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនសមត្ថភាពប្រកួតប្រជែង ការគាំទ្រគ្រួសារងាយរងគ្រោះ ក៏ដូចជាការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ មានសារៈសំខាន់ណាស់ សម្រាប់ការទ្រទ្រង់កំណើនប្រកបដោយបរិយាបន្ន»

យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ខែកញ្ញា ឆ្នាំ២០២៦ ដែលចេញផ្សាយថ្ងៃនេះដោយ ADB បានបង្ហាញថា ការព្យាករអតិផរណាត្រូវបានដំឡើង ដែលនេះឆ្លុះបញ្ចាំងពីការកើនឡើងនៃថ្លៃប្រេងពិភពលោក និងការកើនឡើងថ្លៃដើមនៃការនាំចូល។ អតិផរណាបានកើនឡើងពីអត្រា ២.៦% ឆ្នាំលើឆ្នាំ ក្នុងខែកុម្ភៈ ទៅដល់ ៧.២% ក្នុងខែឧសភា មុនពេលថមថយមកត្រឹម ៥.៥% ក្នុងខែកក្កដា។ ជារួម ADB ព្យាករថាអតិផរណាជាមធ្យមនឹងស្ថិតនៅកម្រិតប្រមាណ ៤.៧% សម្រាប់ឆ្នាំ២០២៦ និង ២.៨% ក្នុងឆ្នាំ២០២៧ ដោយសារវិធានការបន្ធូរបន្ថយពន្ធលើប្រេងឥន្ធនៈ និងតម្លៃប្រាក់រៀលដែលជាទូទៅមានស្ថិរភាព ជួយបន្ធូរបន្ថយសម្ពាធថ្លៃទំនិញ។

គោលនយោបាយសារពើពន្ធ ត្រូវបានរំពឹងថា នឹងបន្តគាំទ្រកំណើនសេដ្ឋកិច្ច ដោយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ មូលធនមនុស្ស និង កម្មវិធីគាំពារសង្គម ដែលជំរុញសកម្មភាពសេដ្ឋកិច្ច តាមរយៈការអនុវត្តកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ។ ឱនភាពគណនីចរន្តត្រូវបានរំពឹងថានឹងកើនឡើងក្នុងឆ្នាំ ២០២៦ ដោយសារថ្លៃនាំចូលខ្ពស់ជាងមុន និង ចំណូលទេសចរណ៍ខ្សោយជាងមុន។ ទោះជាយ៉ាងណាក៏ដោយ ការវិនិយោគផ្ទាល់ពីបរទេសដ៏រឹងមាំ ត្រូវបានរំពឹងថានឹងបន្តគាំទ្រដល់ទុនបម្រុងអន្តរជាតិរបស់កម្ពុជា។

វិស័យឧស្សាហកម្មនៅតែជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។ ការនាំចេញផលិតផលកម្មន្តសាល ក្រៅពីសម្លៀកបំពាក់ បានកើនឡើង ៣៨.៤% ឆ្នាំលើឆ្នាំ ក្នុងឆមាសទីមួយ នៃឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃការធ្វើពិពិធកម្មលើផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ជាងមុនរួមមានគ្រឿង បង្គុំអគ្គិសនី គ្រឿងបន្លាស់រថយន្ត សំបកកង់ឡាន និងសម្ភារនិងសង្ហារឹមធ្វើពីឈើ។ ការនាំចេញ សម្លៀកបំពាក់បានកើនឡើង ៦.៣% ដល់ ៨.០ ពាន់លានដុល្លារ ខណៈដែលវិស័យសំណង់ និងអចលនទ្រព្យនៅបន្តភាពទន់ខ្សោយ។

កំណើនវិស័យសេវាកម្ម ត្រូវបានរំពឹងថា នឹងមានភាពទន់ខ្សោយជាងការរំពឹងទុក ដោយសារសកម្មភាពទេសចរណ៍បានធ្លាក់ចុះ។ ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិបានថយចុះ ៤៧.៩% ឆ្នាំលើឆ្នាំ មកនៅត្រឹម ១.៨ លាននាក់ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ឬត្រឹមតែជាងពាក់កណ្តាលនៃកម្រិតមុនមានជំងឺរាតត្បាតកូវីដ១៩។

ភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងបន្ត និងការបិទព្រំដែនគោកកម្ពុជា-ថៃ បានបន្ថែមបន្ទុកលើសកម្មភាពទាក់ទងនឹងវិស័យទេសចរណ៍ រួមមានសេវាដឹកជញ្ជូន បដិសណ្ឋារកិច្ច និងពាណិជ្ជកម្ម។

វិស័យកសិកម្មត្រូវបានរំពឹងថានឹងរួមចំណែកតិចតួចដល់កំណើនសេដ្ឋកិច្ច ដែលជួយជំរុញដោយតម្រូវការសម្រាប់ការនាំចេញដូចជាគ្រាប់ស្វាយចន្ទី ដំឡូងមី និង អង្ករ។ ទស្សនវិស័យសេដ្ឋកិច្ចខាងលើ នៅតែប្រឈមនឹងហានិភ័យអវិជ្ជមាន រួមទាំងការរំខានពីអាកាសធាតុអាក្រក់ បង្កដោយបាតុភូតអែលនីញ៉ូ (El Niño) ដែលអាចកើតមាននៅចុង ឆ្នាំ២០២៦ និងដើម ឆ្នាំ២០២៧៕