FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត តាន់ មុនីវណ្ណ៖ បញ្ហាប្រឈមរបស់ SMEs ភាគច្រើនបណ្ដាលមកពីការមិនទាន់ដើរទាន់បច្ចេកវិទ្យា និងការគ្រប់គ្រង (Video inside)

22-09-2026 16:09

(ភ្នំពេញ)៖ លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) មួយចំនួននាពេលបច្ចុប្បន្ន អាចមិនមែនបណ្ដាលមកពីកត្តាខាងក្រៅទាំងស្រុង ដូចជាវិបត្តិកូវីដ-១៩ ឬសង្គ្រាមនោះទេ ប៉ុន្តែភាគច្រើនបណ្ដាលមកពីការមិនទាន់ដើរទាន់បច្ចេកវិទ្យា ប្រសិទ្ធភាពនៃការផលិត និងការគ្រប់គ្រង។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោក ដែលមានការប្រែប្រួលលឿន វិស័យឯកជនត្រូវតែរួមសាមគ្គីគ្នា និងពង្រឹងសមត្ថភាពផ្ទៃក្នុង។ តម្រូវការនៅលើពិភពលោកនៅតែមាន ប៉ុន្តែវាគ្រាន់តែប្ដូររូបភាពប៉ុណ្ណោះ។ ដូច្នេះ បើសិនជាអ្នករកស៊ីមិនតាមទាន់សភាពការណ៍ ជាពិសេសសម័យបច្ចេកវិទ្យានេះ នោះនឹងជួបការលំបាក។ ​លោកកត់សម្គាល់ថា SME ជាច្រើន អាចនឹងដើរមិនទាន់បច្ចេកវិទ្យាច្រើនជាងសមត្ថភាពនៃការផលិត បច្ចេកទេសនៃការផលិត ភាពច្បាស់លាស់នៃការគ្រប់គ្រង ជាពិសេសគឺគ្រប់គ្រងវត្ថុធាតុដើម។

ជាមួយគ្នានេះ លោកបណ្ឌិត តាន់ មុនីវណ្ណ ក៏បានលើកឡើងពីភាពយឺតយ៉ាវនៃដំណើរការផលិត (Process) របស់ SMEs ខ្មែរមួយចំនួន បើប្រៀបធៀបទៅនឹងក្រុមហ៊ុនបរទេសដែលចូលមកកម្ពុជា។ ក្រុមហ៊ុនបរទេសទាំងនោះមានដំណើរការលឿន រសជាតិល្អ និងតម្លៃសមរម្យ ដែលធ្វើឱ្យពួកគេមានប្រៀបក្នុងការប្រកួតប្រជែង។ លោកបានអំពាវនាវឱ្យម្ចាស់អាជីវកម្មពិនិត្យមើលឡើងវិញនូវបច្ចេកទេសផលិត ប្រព័ន្ធគ្រប់គ្រង និងការប្រើប្រាស់ធនធានមនុស្សរបស់ខ្លួន។

​លោកបន្ថែមថា ការពង្រឹងសមត្ថភាពធនធានមនុស្ស ការចាប់យកបច្ចេកវិទ្យា និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព គឺជាគន្លឹះដ៏សំខាន់សម្រាប់ SMEs កម្ពុជាដើម្បីអាចប្រកួតប្រជែង និងរីកចម្រើនទៅមុខបាន៕