អគ្គនាយកដ្ឋានពន្ធដារ ណែនាំពីការពង្រឹងការអនុវត្តការកែតម្រូវទឹកប្រាក់ពន្ធ ដែលបានបង់នៅធនាគារពាណិជ្ជជាដៃគូ
22-09-2026 10:54
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ (អ.ព.ដ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្ដីណែនាំស្ដីពីការពង្រឹងការអនុវត្តការកែតម្រូវទឹកប្រាក់ពន្ធ ដែលបានបង់នៅធនាគារពាណិជ្ជជាដៃគូ ចំពោះការប្រកាសពន្ធប្រចាំខែ និងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ដើម្បីធានាប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពក្នុងការគ្រប់គ្រងការកែតម្រូវលិខិតប្រកាសពន្ធ។
យោងតាមសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ និងការកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែ និងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (e-Filing និង ToI e-Filing)។ ទោះជាយ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានពន្ធដារ បានពិនិត្យឃើញថាសហគ្រាសមួយចំនួនបានស្នើសុំមោឃៈបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធនៅធនាគារពាណិជ្ជជាដៃគូ ដើម្បីកែតម្រូវការប្រកាសពន្ធឡើងវិញ ដោយសារមានកំហុសឆ្គង ឬការភាន់ច្រឡំក្នុងការប្រកាស និងបង់ប្រាក់ពន្ធ។
ដើម្បីដោះស្រាយបញ្ហានេះ អគ្គនាយកដ្ឋានពន្ធដារ បានណែនាំដល់អភិបាល បណ្ណាធិការ កម្មសិទ្ធិករសហគ្រាស និងភ្នាក់ងារសេវាកម្មពន្ធដារ ឱ្យកែប្រែប្រតិបត្តិការនីមួយៗ ដោយអនុវត្តនីតិវិធីស្នើសុំកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែ ឬប្រចាំឆ្នាំ តាមរយៈមុខងារ «កែតម្រូវលិខិតប្រកាសពន្ធ» នៅក្នុងប្រព័ន្ធអនឡាញ។ ការអនុវត្តនេះត្រូវធ្វើឡើងស្របតាមសេចក្ដីណែនាំលេខ ១៤៦៨៤ អ.ព.ដ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ស្ដីពីនីតិវិធីនៃការកែតម្រូវលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ និងសេចក្ដីណែនាំលេខ ៤៥៤១៧ អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពីនីតិវិធីនៃការកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែតាមអនឡាញ។
អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធនឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដើម្បីធានាបាននូវតម្លាភាព និងភាពត្រឹមត្រូវក្នុងការប្រកាស និងបង់ពន្ធ៕

