FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យល់ដឹងពីជំនួញ៖ អ្នកឧកញ៉ា គិត ​ម៉េង ដាស់តឿនម្ចាស់អាជីវកម្ម ត្រូវរិះរកមធ្យោបាយរក្សាលំនឹងអាជីវកម្មរបស់ខ្លួន និងបង្កើតមុខរបរថ្មី ក្នុងស្ថានភាពសេដ្ឋកិច្ចមិនប្រាកដប្រជា ​(Video inside)

20-09-2026 08:09

(ភ្នំពេញ)៖ ថ្លែងទៅកាន់អ្នកជំនួញ និង​ម្ចាស់អាជីវកម្ម​ ដែលមកពីតាមបណ្តាខេត្តក្រុងនានា អ្នកឧកញ៉ា គិត ​ម៉េង ប្រធានពាណិជ្ជកម្មកម្ពុជា​ បានដាស់តឿនដល់ម្ចាស់អាជីវកម្មនានា ឱ្យរិះរកមធ្យោបាយរក្សាលំនឹងអាជីវកម្មរបស់ខ្លួនឱ្យដំណើរការល្អ និងបង្កើតមុខរបរថ្មី ក្នុងកាលៈទេសៈដែលស្ថានភាពសេដ្ឋកិច្ច ស្ថិតក្នុងភាពមិនប្រាកដប្រជា ដើម្បីរួមចំណែកជួយប្រទេសជាតិឲ្យ​រីកចម្រើន។

អ្នកឧកញ៉ា គិត ​ម៉េង ដាស់តឿនបែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល និងការបោះឆ្នោតជ្រើសរើសបង្គ្រប់សមាជិកជ្រើសតាំងថ្មីរបស់សភាពាណិជ្ជកម្ម​រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនេះ អ្នកឧកញ៉ា បានលើកឡើងពីការវិវត្តសេដ្ឋ​កិច្ច ក្នុងឆ្នាំនេះ និងឆ្នាំក្រោយ ដែលជំរុញឱ្យអ្នកជំនួញទាំងអស់ត្រូវគិតគូរ​ និងត្រូវតែខិតខំរក្សាខ្សែក្រវាត់ (អាជីវកម្ម)របស់ខ្លួនឱ្យបានរឹងមាំ ដោយមិនត្រឹមតែរក្សាក្រុមហ៊ុនដែលមានស្រាប់ប៉ុណ្ណោះទេ ថែមទាំងត្រូវគិតគូរចាប់ផ្តើមមុខរបរថ្មីៗ​ផងដែរ។

ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានរំលឹក​មេរៀនប្រវត្តិសាស្ត្រថា នៅពេលប្រទេសជាតិយើងខ្លាំង ពិភពលោកនឹងទទួលស្គាល់ និងគោរព ប៉ុន្តែនៅពេលដែលយើងខ្សោយ គេនឹងមិនឲ្យតម្លៃយើងឡើយ។

អ្នកឧកញ៉ា បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់ដាស់តឿនឲ្យ​ផ្នែកឯកជន អ្នកធ្វើសេដ្ឋកិច្ចនេះ ត្រូវតែចងចាំឲ្យគិតគូរជាមេរៀនប្រវត្តិសាស្ត្រ ដែលយើងបានឈឺចាប់ជាទីបំផុត។ យើងត្រូវតែខិតខំ នៅពេលប្រទេសយើងខ្លាំង ជាតិយើងខ្លាំង ពិភពលោកគេទទួលស្គាល់ គេគោរព។ ពេលដែលយើងខ្សោយ ប្រទេសយើងខ្សោយ ប្រទេសយើងក្រ ពិភពលោក និងភូមិផងជិតខាងគេមិនឲ្យតម្លៃយើង។ នេះហើយយើងទាំងអស់គ្នាត្រូវតែខិតខំ ដើម្បីជួយប្រទេសយើង ជាតិយើងឲ្យសម្បូរសប្បាយ»

អ្នកឧកញ៉ា បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃអាណត្តិទី៧ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាសេដ្ឋកិច្ច ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ច ជាពិសេសការកែទម្រង់ និងការជំរុញវិស័យឯកជន។

​អ្នកឧកញ៉ា ​បានអំពាវនាវដល់​ ឧកញ៉ា លោកឧកញ៉ា ​ដែលជាផ្នែកឯកជន ត្រូវរួមគ្នាពង្រឹងស្មារតី និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីរួមចំណែកជួយប្រទេសជាតិឲ្យសម្បូរសប្បាយ និងរីកចម្រើន​៕