FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការកាត់បន្ថយនាំចេញវត្ថុធាតុដើម និងបង្កើនកែច្នៃផលិតផលសម្រេច នឹងអាចធានានិរន្តរភាពវិនិយោគភូមិភាគឦសាន (Video inside)

20-09-2026 08:02

(ភ្នំពេញ)៖ លោក កែវ សុទ្ធារិទ្ធ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ ស្ទឹងត្រែង និងរតនគិរី បានលើកឡើងថា ការកាត់បន្ថយការនាំចេញវត្ថុធាតុដើម និងការបង្កើនសមត្ថភាពកែច្នៃផលិតផលសម្រេច គឺជាគន្លឹះដ៏សំខាន់ក្នុងការធានានិរន្តរភាពវិនិយោគនៅភូមិភាគឦសាន ខណៈបច្ចុប្បន្ននេះ នៅតំបន់នេះភាគច្រើននាំចេញវត្ថុធាតុដើម ដែលធ្វើឲ្យបាត់បង់ឱកាសក្នុងការបង្កើតតម្លៃបន្ថែម និងប្រាក់ចំណេញ។

លោកបានសង្កត់ធ្ងន់ថា ការបង្កើតរោងចក្រកែច្នៃផលិតផលសម្រេចសម្រាប់លក់ក្នុងទីផ្សារក្នុងស្រុក និងនាំចេញ នឹងជួយរក្សាតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ច។ ជាឧទាហរណ៍ លោកបានលើកឡើងពីស្វាយចន្ទី និងថ្មម៉ាប ដែលបច្ចុប្បន្នត្រូវបាននាំចេញជាវត្ថុធាតុដើមទាំងដុលទៅប្រទេសជិតខាង ជាពិសេសវៀតណាម។ ប្រសិនបើយើងអាចកែច្នៃស្វាយចន្ទីទៅជាគ្រាប់ស្វាយចន្ទីសម្ងួត ឬវេចខ្ចប់ និងកែច្នៃថ្មម៉ាបទៅជាការ៉ូ នោះនឹងអាចបង្កើនប្រាក់ចំណេញបានច្រើនជាងការលក់វត្ថុធាតុដើម។

ចំពោះបញ្ហាប្រឈមនៃថ្លៃដើមផលិតកម្មខ្ពស់ លោក កែវ សុទ្ធារិទ្ធ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងខិតខំកាត់បន្ថយថ្លៃដើមទាំងនេះ តាមរយៈការសម្រួលនីតិវិធីវិនិយោគ កាត់បន្ថយពន្ធគយ ពន្ធដារ និងបញ្ចុះតម្លៃទឹកភ្លើងសម្រាប់វិស័យឧស្សាហកម្មជាដើម។

ទោះជាយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា កង្វះខាតរោងចក្រកែច្នៃ និងដើមទុននៅតែជាឧបសគ្គសម្រាប់សហគ្រាសក្នុងស្រុក ដែលធ្វើឲ្យពួកគេងាកទៅរកការលក់វត្ថុធាតុដើមដើម្បីទទួលបានប្រាក់ចំណេញរហ័ស។ ហេតុដូច្នេះ លោកបានអំពាវនាវដល់វិនិយោគិនធំៗឲ្យមកបង្កើតរោងចក្រកែច្នៃធំៗ ដែលអាចប្រមូលទិញវត្ថុធាតុដើមពីកសិករ និងអ្នកផលិតក្នុងស្រុក។ ជាក់ស្តែង ខេត្តទាំងបួន (ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី) មានទិន្នផលស្វាយចន្ទីជាង ២០ ម៉ឺនតោនក្នុងមួយឆ្នាំ ដែលជាសក្តានុពលដ៏ធំធេងសម្រាប់ការកែច្នៃក្នុងស្រុក ដើម្បីបង្កើនតម្លៃបន្ថែម និងជំរុញកំណើនសេដ្ឋកិច្ច។

សូមស្តាប់ការលើកឡើងរបស់លោក កែវ សុទ្ធារិទ្ធ៖