អ្នកឧកញ៉ា លឹម ហេង៖ ការដើរនិយាយថា សេដ្ឋកិច្ចមិនល្អ កុំចាយលុយ គឺជាការបង្អាក់ដំណើរការសេដ្ឋកិច្ចជាតិ (Video inside)
19-09-2026 08:16
(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការដើរនិយាយថា សេដ្ឋកិច្ចមិនល្អ ហើយណែនាំកុំឱ្យចាយលុយ គឺជាការបង្អាក់ដល់ដំណើរសេដ្ឋកិច្ចជាតិទៅវិញទេ ដោយលោកកត់សម្គាល់ថា បច្ចុប្បន្ននេះ មានតែវិស័យអចលនទ្រព្យមួយប៉ុណ្ណោះដែលរងផលប៉ះពាល់ ខណៈវិស័យផ្សេងទៀតនៅតែមានកំណើនល្អ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីសំណេះសំណាល និងការបោះឆ្នោតជ្រើសរើសបង្គ្រប់សមាជិកជ្រើសតាំងថ្មីរបស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ អ្នកឧកញ៉ា លឹម ហេងបានសង្កត់ធ្ងន់ថា បច្ចុប្បន្នកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជានៅតែមានការកើនឡើង ពោលគឺការនាំចេញ-នាំចូលនៅតែមានកំណើនល្អ ខណៈវិស័យកសិកម្ម ពាណិជ្ជកម្ម ការផលិត និងការវិនិយោគនៅតែមានកំណើនល្អ។ យ៉ាងនេះក្តី អ្នកឧកញ៉ា មើលឃើញថា បញ្ហាដែលកំពុងជួបប្រទះ នាពេលបច្ចុប្បន្ននេះ គឺគ្រាន់តែជាផ្នែកមួយនៃវិស័យអចលនទ្រព្យប៉ុណ្ណោះ ដោយប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាទាំងមូលនោះទេ។
អ្នកឧកញ៉ា លឹម ហេង បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់កុំដើរនិយាយថា សេដ្ឋកិច្ចមិនល្អ ហើយកុំចាយលុយ ព្រោះទង្វើនេះគឺជាការបង្អាក់ដល់ដំណើរសេដ្ឋកិច្ចរបស់យើងវិញ។ ការចាយវាយរបស់ប្រជាពលរដ្ឋ ការទិញទំនិញ និងការចាយវាយក្នុងស្រុក ព្រមទាំងការនាំចេញ-នាំចូល គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។លោកបានបន្តថា កន្លងមកមានអ្នកខ្លះថ្ងូរថាសេដ្ឋកិច្ចជួបវិបត្តិ ប៉ុន្តែរាជរដ្ឋាភិបាលមិនទាន់មានប្រកាសថាមានវិបត្តិសេដ្ឋកិច្ចណាមួយដូចកាលជំនាន់កូវីដ-១៩ នោះទេ។
អ្នកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ចរន្តសេដ្ឋកិច្ចតែងតែមានអ្នកកើតថ្មី និងអ្នកចាស់ដួលរលំ។ អ្នកដែលឈរជើងបានយូរ គឺមានលទ្ធភាពទ្រទ្រង់ចរន្តសេដ្ឋកិច្ច និងក្រុមហ៊ុនសហគ្រាសរបស់ខ្លួនឯង៕



