គណៈកម្មាធិការវិនិយោគកម្ពុជា ស្វាគមន៍ក្រុមហ៊ុនឥណ្ឌូនេស៊ី ស្វែងយល់ពីឱកាសបណ្តាក់ទុនវិនិយោគវិស័យកសិ-ឧស្សាហកម្ម
16-09-2026 16:04
(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន JAPFA Group ដឹកនាំដោយលោក Mark Gerald Eman នាយកក្រុមហ៊ុន នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីបរិយាកាសវិនិយោគ និងកាលានុវត្តភាពនៅក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា។
ក្រុមហ៊ុន JAPFA Group ជាក្រុមហ៊ុនកសិ-ចំណីអាហារឈានមុខមួយនៅអាស៊ី ដែលមានបទពិសោធន៍ប្រមាណ ៥៥ឆ្នាំ ក្នុងការផលិត និងផ្គត់ផ្គង់ផលិតផលប្រូតេអ៊ីនសំខាន់ៗ និងអាហារវេចខ្ចប់។ ក្រុមហ៊ុននេះអនុវត្តគំរូអាជីវកម្មរួមបញ្ចូលគ្នានូវខ្សែច្រវាក់តម្លៃទាំងមូល “Feed–Farm–Food” ចាប់ពីការផលិតចំណីសត្វ រហូតដល់ការចែកចាយផលិតផលអាហារសម្រាប់អ្នកប្រើប្រាស់។
ក្នុងជំនួបនេះ លោកអគ្គលេខាធិការបានជម្រាបជូនគណៈប្រតិភូអំពីច្បាប់ ស្តីពីវិនិយោគរបស់កម្ពុជា ជាពិសេសរបបលើកទឹកចិត្តដ៏ទាក់ទាញ និងគោលនយោបាយគាំទ្រនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីលើកកម្ពស់សកម្មភាពធុរកិច្ច និងវិនិយោគ។
លោកក៏បានលើកឡើងពី ក្របខណ្ឌអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មនៅកម្ពុជា ដែលទើបដាក់ចេញកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ដើម្បីជំរុញការកែច្នៃកសិផល និងបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ។
លោក Mark Gerald Eman បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងបានកត់សម្គាល់ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។ លោកបានទទួលស្គាល់ថា ច្បាប់វិនិយោគរបស់កម្ពុជាមានភាពបើកចំហ តម្លាភាព និងមានរបបលើកទឹកចិត្តប្រកួតប្រជែងខ្ពស់ ព្រមទាំងមានក្របខណ្ឌគោលនយោបាយគាំទ្រវិស័យកសិ-ឧស្សាហកម្ម។ លោកបានសម្តែងសុទិដ្ឋិនិយមខ្ពស់ថា កម្ពុជាគឺជាគោលដៅដ៏ល្អសម្រាប់ក្រុមហ៊ុនបណ្តាក់ទុនវិនិយោគ។
លោកអគ្គលេខាធិការបានសម្តែងការស្វាគមន៍ និងគាំទ្រយ៉ាងកក់ក្តៅចំពោះគោលបំណងវិនិយោគនៅកម្ពុជា ដោយសង្កត់ធ្ងន់ថា វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជាមានសក្តានុពលធំធេង។ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រៀមខ្លួនរួចរាល់ដើម្បីសម្របសម្រួល និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនពេញមួយវដ្តនៃការវិនិយោគនៅកម្ពុជា៕







