FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៤លាននាក់ ធ្លាក់ចុះ១០% ខណៈការដឹកទំនិញចេញចូលមានជាង ៦.៦ម៉ឺនតោន កើន១៧%

16-09-2026 14:55

(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជា រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ បានទទួលអ្នកដំណើរចេញ-ចូលសរុបចំនួន ៤ ១៥៩ ៧៥៣នាក់ ដែលជាការថយចុះ ១០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិល។

នៅរយៈពេល៨ខែឆ្នាំនេះ ចំនួនជើងហោះហើរចេញ-ចូលមានចំនួន ៤២ ១៨៩ ជើង ថយចុះ ១% ខណៈការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានចំនួន ៦៦ ៥៥៩ តោន ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ ១៧%។ ដោយឡែក ជើងហោះហើររំលងមានចំនួន ៦១ ៦២០ ជើង កើនឡើង ៧%។

លោកបញ្ជាក់ថា សម្រាប់ខែសីហា ឆ្នាំ២០២៦ តែមួយគត់ បើធៀបនឹងខែកក្កដា ឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិទាំងបី បានទទួលជើងហោះហើរចេញ-ចូលចំនួន ៤ ៩៤១ជើង ដែលមានស្ថេរភាព។ ចំណែកអ្នកដំណើរចេញ-ចូលមានចំនួន ៤៤៧ ១១៤នាក់ កើនឡើង ១% និងទំនិញតាមផ្លូវអាកាសមានចំនួន ៩ ៤៥៦ តោន ដែលមានស្ថេរភាព។ ជើងហោះហើររំលងក្នុងខែសីហាមានចំនួន ៨ ៤០៧ ជើង កើនឡើង ២%។

គិតត្រឹមខែសីហា ឆ្នាំ២០២៦ មានក្រុមហ៊ុនអាកាសចរណ៍សរុបចំនួន ៣៣ កំពុងប្រតិបត្តិការហោះហើរនៅក្នុងប្រទេសកម្ពុជា ក្នុងនោះមាន ៤ ក្រុមហ៊ុនជាតិ និង ២៩ ក្រុមហ៊ុនអន្តរជាតិ។ ក្នុងចំណោមអាកាសយានដ្ឋានទាំងអស់ អាកាសយានដ្ឋានអន្តរជាតិតេជោ បានទទួលជើងហោះហើរ ៣ ៥១៨ ជើង អ្នកដំណើរ ៣៤២ ៤៣៧នាក់ និងទំនិញ ៩ ៣៧៦ តោន។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលជើងហោះហើរ ១ ១៣៦ ជើង អ្នកដំណើរ ៨៥ ០២៤ នាក់ និងទំនិញ ៨១តោន។ រីឯអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ទទួលជើងហោះហើរ ២៦៩ ជើង អ្នកដំណើរ ១៨ ៨០៩ នាក់ និងគ្មានទំនិញ។ ដោយឡែក អាកាសយានដ្ឋានតារាសាគរ ទទួលជើងហោះហើរ ១៨ ជើង និងអ្នកដំណើរ ៨៤៤ នាក់។

លោក ស៊ីន ចាន់សិរីវុត្ថា បន្ថែមថា ទោះបីជាចំនួនអ្នកដំណើរតាមផ្លូវអាកាស មានការថយចុះបន្តិចក្តី ការកើនឡើងនូវបរិមាណដឹកជញ្ជូនទំនិញតាមផ្លូវអាកាស បានបង្ហាញពីសក្ដានុពលនៃវិស័យពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ចជាតិ៕