៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០% (Video inside)
15-09-2026 14:41
(ភ្នំពេញ)៖ រយៈពេល៨ខែ ឆ្នាំ២០២៦នេះ កម្ពុជានាំចេញកង់ (រួមទាំងកង់អគ្គិសនី) ទៅកាន់បណ្ដាប្រទេសដៃគូ ក្នុងទឹកប្រាក់ចំនួនប្រមាណជិត៥០០លានដុល្លារ កើនឡើងជាង២០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥ មានចំនួនប្រមាណ៤០០លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។
ទីផ្សារសំខាន់ៗដែលកម្ពុជាបាននាំចេញកង់រួមមាន សហរដ្ឋអាមេរិក អាល្លឺម៉ង់ បែលហ្ស៊ិក ចក្រភពអង់គ្លេស និងហូឡង់។ ជាមួយគ្នានេះ កម្ពុជាក៏បាននាំចូលកង់ ពីប្រទេសមួយចំនួនផងដែរ រួមមាន ជប៉ុន ចិន វៀតណាម ថៃ និងសហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), បច្ចុប្បន្នកម្ពុជាមានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៨ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង៖
* ទី១៖ A AND J (CAMBODIA) CO.,LTD.
* ទី២៖ SPEEDTECH INDUSTRIAL CO., LTD.
* ទី៣៖ SMART TECH (CAMBODIA) CO.,LTD.
* ទី៤៖ XDS BICYCLE (CAMBODIA) CO.,LTD
* ទី៥៖ EVERGRAND BICYCLE (CAMBODIA) CO., LTD
* ទី៦៖ Cycletech (CAMBODIA) CO., LTD
* ទី៧៖ Wan Da Wei YE INTERNATIONAL CO.,LTD
* ទី៨៖ LINGRICH BICYCLE (CAMBODIA) CO.,LTD។
គួររំលឹកផងដែរថា សហភាពអឺរ៉ុបបានអនុញ្ញាតឱ្យកម្ពុជាប្រើប្រាស់វត្ថុធាតុដើម ឬគ្រឿងបង្គុំទោចក្រយានដែលមានដើមកំណើតនៅប្រទេសវៀតណាម សម្រាប់យកមកផលិតទោចក្រយាននៅកម្ពុជា ដើម្បីនាំចេញទៅសហភាពអឺរ៉ុប។
ការអនុញ្ញាតនេះ បានធ្វើឱ្យទីផ្សារនាំចេញកង់របស់កម្ពុជាកាន់តែមានភាពងាយស្រួល និងមានលទ្ធភាពខ្ពស់ក្នុងការស្វែងរកប្រភពវត្ថុធាតុដើមពីប្រទេសជិតខាង ដែលជាកត្តាជំរុញដល់កំណើនវិស័យនេះ៕


