FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាចុះហត្ថលេខាលើកិច្ចសន្យានាំចេញអង្ករ ១ម៉ឺនតោនទៅហ្វីលីពីន ដែលដឹកញ្ជូនតាមសាឡង់ លើកដំបូង (Video inside)

15-09-2026 10:43

(ភ្នំពេញ)៖ ក្រុមហ៊ុន CITY RICE Import Export ​​​បានចុះកិច្ចសន្យាទិញ-លក់អង្ករជាមួយក្រុមហ៊ុន DILAI TRADING CO. ​របស់ហ្វីលីពិន ដើម្បីនាំចេញអង្ករកម្ពុជាចំនួន ១០ ០០០ តោន ទៅកាន់សាធារណរដ្ឋហ្វីលីពីន​ ​ដោយដឹកញ្ជូនតាមសាឡង់លើកដំបូង​ ដែលចំណេញទាំងពេលវេលា និងថវិកា។

ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក​ស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីតំណាងស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា ថ្នាក់ដឹកនាំធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា​ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export Co., Ltd. បានថ្លែងថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់សម្រាប់វិស័យស្រូវអង្ករកម្ពុជា។ នេះគឺជាការនាំចេញអង្ករកម្ពុជាតាមទម្រង់ដឹកជញ្ជូនជាបរិមាណច្រើន (Bulk Shipment) ដោយប្រើសាឡង់ ទៅកាន់ប្រទេសហ្វីលីពីនជាលើកដំបូង។

លោកបានលើកឡើងថា «ជោគជ័យនេះបានបង្ហាញឱ្យឃើញពីការកើនឡើងនៃទំនុកចិត្តរបស់អ្នកទិញអន្តរជាតិចំពោះគុណភាព សុវត្ថិភាព ភាពប្រកួតប្រជែង និងសមត្ថភាពផ្គត់ផ្គង់របស់អង្ករកម្ពុជា។ ទន្ទឹមនឹងនេះ វាក៏បញ្ជាក់ពីសមត្ថភាពរបស់ក្រុមហ៊ុនកម្ពុជាក្នុងការរៀបចំ កែច្នៃ គ្រប់គ្រងគុណភាព និងដឹកជញ្ជូនអង្ករជាបរិមាណធំទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈ។ កិច្ចសន្យានេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករកម្ពុជាលើឆាកអន្តរជាតិ»

​​លោកបន្តថាការនាំចេញលើកដំបូងនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មយូរអង្វែង និងបើកផ្លូវឱ្យមានការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីនក្នុងបរិមាណកាន់តែច្រើន និងជាប្រចាំនា ចូលរួមបង្កើតទីផ្សារស្រូវបន្ថែមសម្រាប់ប្រជាកសិករ គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ វិស័យដឹកជញ្ជូន និងអាជីវ ពេលអនាគត។ ​

លោកបន្ថែមថា «កិច្ចព្រមព្រៀងនាំចេញអង្ករចំនួន ១០ ០០០ តោននេះ មិនមែនជាគោលដៅចុងក្រោយរបស់យើងទេ ប៉ុន្តែជា ការចាប់ផ្តើមនៃជំពូកថ្មីមួយ សម្រាប់ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីន។ ក្រុមហ៊ុន CITY RICE Import Export Co., Ltd. នឹងបន្តវិនិយោគលើគុណភាព បច្ចេកវិទ្យា សមត្ថភាពកែច្នៃ និងប្រព័ន្ធផ្គត់ផ្គង់ ព្រមទាំងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នហិរញ្ញវត្ថុ សហព័ន្ធស្រូវអង្ករកម្ពុជា ប្រជាកសិករ និង ដៃគូអន្តរជាតិ»

​ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរីកចម្រើននៃប្រតិបត្តិការធុរកិច្ចរបស់ក្រុមហ៊ុន City Rice Import Export Co., Ltd. ព្រមទាំងថ្លែងអំណរគុណដល់ក្រុមហ៊ុន DILAI Trading Co. Pte. Ltd. ដែលបានជ្រើសរើសកម្ពុជាជាដៃគូផ្គត់ផ្គង់អង្ករ និងបានផ្តល់ទំនុកចិត្តលើគុណភាព ព្រមទាំងសមត្ថភាពផ្គត់ផ្គង់អង្កររបស់កម្ពុជា។

លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសន្យានេះមិនត្រឹមតែជាប្រតិបត្តិការពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការពង្រីកទីផ្សារអង្ករកម្ពុជា ពង្រឹងសន្តិសុខស្បៀង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងកម្ពុជា និងហ្វីលីពីនផងដែរ។

ជាមួយគ្នានេះ លោកស្រីរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងពីរឱ្យអនុវត្តកិច្ចសន្យាឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព វិជ្ជាជីវៈ ការទទួលខុសត្រូវ តម្លាភាព ភាពស្មោះត្រង់ និងកិច្ចសហការជិតស្និទ្ធ ព្រមទាំងធានាឱ្យបាននូវការទូទាត់ត្រឹមត្រូវ ការដឹកជញ្ជូនទាន់ពេលវេលា គុណភាព និងស្ថិរភាពនៃការផ្គត់ផ្គង់។ ទន្ទឹមនេះ តួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃស្រូវអង្ករ និងសហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបន្តពង្រឹងគុណភាព សុវត្ថិភាព សោភ័ណភាពនៃការវេចខ្ចប់ និងអនុវត្តឱ្យបានពេញលេញនូវ «យុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០» សំដៅបង្កើនភាពប្រកួតប្រជែង និងពង្រីកចំណែកទីផ្សារអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ៕