FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់ ជួបប្រជុំចរចាជុំទី២ លើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា

13-09-2026 13:41

(អាស៊ែបៃហ្សង់)៖ ដោយទទួលបានការអនុញ្ញាតពី គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ, លោក ស៊ឹម សូលីន អនុប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ ចាប់ពីថ្ងៃទី៨-១១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការ យកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ជុំទី២ រវាងកម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់។

ចំណែកគណៈប្រតិភូនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ លោក Elkin Mammadov ប្រធានផ្នែកពន្ធអន្តរជាតិ នៃនាយកដ្ឋានពន្ធអន្តរជាតិ និងការត្រួតពិនិត្យពន្ធ នៃសេវាពន្ធរដ្ឋក្រោមក្រសួងសេដ្ឋកិច្ច របស់អាស៊ែបៃហ្សង់
បានដឹកនាំមន្ត្រីជំនាញចូលរួមក្នុងនាមជាម្ចាស់ផ្ទះ។

ជាកិច្ចចាប់ផ្តើមលោក Rauf Pashayev អនុប្រធាននាយកដ្ឋានពន្ធអន្តរជាតិ និងការត្រួតពិនិត្យពន្ធនៃសេវាពន្ធរដ្ឋក្រោម ក្រសួងសេដ្ឋកិច្ចរបស់អាស៊ែបៃហ្សង់ ក៏បានផ្តល់កិត្តិយសក្នុងការថ្លែងចំណាប់អារម្មណ៍បើកកិច្ចប្រជុំចរចា ដោយបានសម្តែងការគួរសម និងមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបាន ចូលរួមកិច្ចប្រជុំចរចានេះតាមការអញ្ជើញរបស់ភាគីអាស៊ែបៃហ្សង់។ បន្ថែមពីនេះ លោក Rauf Pashayev ក៏បានគូសបញ្ជាក់អំពីឆន្ទៈ ក្នុងការបញ្ចប់ការចរចាកិច្ចព្រមព្រៀង DTA កម្ពុជា-អាស៊ែបៃហ្សង់ ឱ្យបានឆាប់ផងដែរ។

ក្នុងឱកាសនោះ លោក ស៊ឹម សូលីន ក៏បានសម្តែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់ភាគីអាស៊ែបៃហ្សង់ ក្នុងការរៀបចំ ឱ្យមានកិច្ចប្រជុំចរចាកិច្ចព្រមព្រៀង DTAជុំទី២ ជាលក្ខណៈរូបវន្តនាពេលនេះ។

ទន្ទឹមនឹងនេះ លោក ស៊ឹម សូលីន ក៏បានលើកឡើង អំពីសន្ទុះនៃការរីកចម្រើននៃទំនាក់ទំនងការទូតកម្រិតខ្ពស់ និងកិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរ ជាក់ស្តែងតាមរយៈ ជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូរវាង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោកស្រី សាហ៊ីបា កាហ្វារ៉ូវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភា អាស៊ែបៃហ្សង់ កាលពីចុងខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ។ ដូចនេះកិច្ចព្រមព្រៀង DTA ក៏នឹងចូលរួមចំណែកមួយដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងកម្ពុជានិងអាស៊ែបៃហ្សង់ផងដែរ។ បន្ទាប់ពីកិច្ចស្វាគមន៍ត្រូវបានបញ្ចប់ ភាគីទាំងពីរបានចាប់ផ្តើមកិច្ចចរចាទៅតាម របៀបវារៈដែលបានគ្រោងទុក។

កិច្ចប្រជុំចរចាបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងការយោគយល់គ្នាខ្ពស់ ក្នុងគោលបំណងរួមមួយ គឺការ បញ្ចប់កិច្ចចរចាដោយជោគជ័យ។ ជារួម ភាគីទាំងពីរបានពិភាក្សាលម្អិតនិងស៊ីជម្រៅលើគ្រប់មាត្រា និងចំណុចដែលនៅសេសសល់ ទាំងអស់ដែលពុំទាន់បានឯកភាព នៅជុំទី១។ ជាលទ្ធផល ភាគីទាំងពីរបានដោះស្រាយបញ្ហាដែលនៅសេសសល់ទាំងអស់នៃ កិច្ចព្រមព្រៀង ដែលនាំឱ្យការចរចានេះត្រូវបានបញ្ចប់ទាំងស្រុងត្រឹមកម្រិតបច្ចេកទេស៕