FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រី៖ បច្ចុប្បន្នរោងចក្រស្ករសចំនួន​២ នៅកម្ពុជា ផលិតបានត្រឹមតែជាង ១៥ម៉ឺនតោន ខណៈតម្រូវការមានរហូតដល់ ២៥ម៉ឺនតោន

10-09-2026 21:32

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញនូវ​​ក្តីរំពឹងថា ការផលិតស្ករសក្នុងស្រុក នឹងអាចផ្គត់ផ្គង់តម្រូវការទីផ្សារបានគ្រប់គ្រាន់នៅឆ្នាំ២០២៧ បន្ទាប់ពីរោងចក្រផលិតស្ករសមួយនៅខេត្តកំពង់ស្ពឺ កំពុងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀត​ ខណៈបច្ចុប្បន្នរោងចក្រស្ករសចំនួន ​២នៅកម្ពុជា ផលិតបានត្រឹមតែជាង១៥ម៉ឺនតោន ខណៈតម្រូវការមានរហូតដល់ ២៥ម៉ឺនតោនក្នុងមួយឆ្នាំ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ហេង សុគង់ រដ្ឋលេខាធិការ​ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានឱ្យដឹងថា គិតមកទល់បច្ចុប្បន្ន ​កម្ពុជាមានរោងចក្រផលិតស្ករសពីអំពៅចំនួនពីរគឺ រោងចក្រកំពង់ស្ពឺស៊ូហ្គ័រ នៅខេត្តកំពង់ស្ពឺ ដែលមានសមត្ថភាពផលិតប្រមាណ ១៤ម៉ឺនតោនក្នុងមួយឆ្នាំ (ទិន្នន័យឆ្នាំ២០២៥) និងរោងចក្ររបស់ក្រុមហ៊ុនកាម៉ាដេនូ វេនឈរ នៅខេត្តក្រចេះ ដែលមានសមត្ថភាពផលិត ១៥ ០០០តោន ក្នុងមួយឆ្នាំ ដែលទើបតែចាប់ផ្ដើមដំណើរការឡើងវិញ ក្រោយផ្អាកអស់រយៈពេល១០ឆ្នាំ។

លោកបានឱ្យដឹងផងដែរថា បច្ចុប្បន្នតម្រូវការប្រើប្រាស់ស្ករសនៅកម្ពុជា ទាំងសម្រាប់ការបរិភោគ ធ្វើបង្អែម និងឧស្សាហកម្ម មានទំហំជាមធ្យមប្រមាណ ២៥ម៉ឺនតោនក្នុងមួយឆ្នាំ។ ជាមួយសមត្ថភាពផលិត​ត្រឹមតែជាង ១៥ម៉ឺនតោន តម្រូវឱ្យ​កម្ពុជានៅតែត្រូវនាំចូលស្ករសពីប្រទេសជិតខាងដូចជា វៀតណាម ថៃ ចិន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដើម្បីបំពេញតម្រូវការ។

ទោះជាយ៉ាងណា លោករំពឹងថានៅឆ្នាំ២០២៧ ផលិតកម្មស្ករសនៅកម្ពុជានឹងអាចផលិតបានរហូតដល់ជាង ២៦​ម៉ឺនតោន បំពេញបាននូវ​តម្រូវការប្រើប្រាស់បច្ចុប្បន្ន​គ្រប់គ្រាន់​ ខណៈរោងចក្រកំពង់ស្ពឺ Sugar កំពុងពង្រីកខ្សែច្រវ៉ាក់ផលិតកម្មបន្ថែម​។ ​

ជាមួយគ្នានេះ លោកបានឱ្យដឹងដែរថា កន្លងមកកម្ពុជាក៏ធ្លាប់បានផលិតស្ករឆៅ (raw sugar) និងនាំចេញទៅកាន់ប្រទេសជាច្រើនដូចជា វៀតណាម អេស្ប៉ាញ អ៊ីតាលី ព្រុយណេ និងស្រីលង្កា។ លើសពីនេះ ស្ករត្នោតកំពង់ស្ពឺ ដែលជាទំនិញសម្គាល់ភូមិសាស្ត្រ (GI) ក៏មានភាពល្បីល្បាញ និងត្រូវបាននាំចេញទៅកាន់ជាង ២៥ប្រទេសក្នុងសហគមន៍អឺរ៉ុប រួមទាំងចិន ជប៉ុន កូរ៉េខាងត្បូង និងកាណាដាផងដែរ៕