FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាលកម្ពុជា ទូទាត់សេវាបំណុលជិត ៣៩០លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦

09-09-2026 17:41

(ភ្នំពេញ)៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវកាតព្វកិច្ចទូទាត់សេវាបំណុលសាធារណៈ សរុបចំនួន ៣៨៩.៤៦លានដុល្លារអាម៉េរិក ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការគ្រប់គ្រងបំណុល ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

ក្នុងចំណោមទឹកប្រាក់សរុបនេះ ការទូទាត់សេវាបំណុលសាធារណៈក្រៅប្រទេស មានចំនួនប្រមាណ ៣៥៨.០៧ លានដុល្លារអាម៉េរិក ដែលក្នុងនោះជាប្រាក់ដើមចំនួន២៨៨.៣៦ លានដុល្លារអាម៉េរិក និងការប្រាក់រួមទាំងកម្រៃផ្សេងៗចំនួន ៦៩.៧១ លានដុល្លារអាម៉េរិក។

ចំណែកឯបំណុលសាធារណៈក្នុងប្រទេសវិញ រាជរដ្ឋាភិបាលបានទូទាត់ប្រមាណ៣១.៣៩លានដុល្លារអាម៉េរិក ដែលរួមមានប្រាក់ដើម ២៦.៤០ លានដុល្លារអាម៉េរិក និងការប្រាក់ ៤.៩៨ លានដុល្លារអាម៉េរិក។

គួរកត់សម្គាល់ថា បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ការទូទាត់សេវាបំណុលសរុប ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ មានកំណើនប្រមាណ ៣១% ដែលបង្ហាញពីការកើនឡើង នៃកាតព្វកិច្ចទូទាត់ស្របតាមកិច្ចព្រមព្រៀងកម្ចីនានា។

សូមជម្រាបថា ត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៦ កម្ពុជាមានសន្និធិបំណុលសាធារណៈ សរុបចំនួន១៣.៥៦ប៊ីលាន ដុល្លារអាម៉េរិក ក្នុងនោះ៖ ៩៥% ត្រូវជាប្រមាណ ១២.៨៣ ប៊ីលានដុល្លារអាម៉េរិក ជាបំណុលសាធារណៈក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ៥៨% និងក្របខ័ណ្ឌពហុភាគីប្រមាណ៤២%) និង៥% ត្រូវជាប្រមាណ៧៣៥.៧០ លានដុល្លារអាម៉េរិក ជាបំណុលសាធារណៈក្នុងប្រទេស។

បើតាមក្រសួងសេដ្ឋកិច្ច, ស្ថានភាពបំណុលសាធាណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោល គឺនៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប»។ ការរក្សាបាននូវចីរភាពបំណុល សាធារណៈនេះ គឺអាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ ដែលមានជាអាទិ៍៖

១) ក្របខ័ណ្ឌគតិយុត្ត, ២) គោលនយោបាយ, យុទ្ធសាស្ត្រ, និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ, ៣) សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់, និង ៤) ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល -ល-។

រាជរដ្ឋាភិបាលបានអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងប្រយ័ត្នប្រយែងខ្ពស់នូវ វិធានការជា យុទ្ធសាស្ត្រនានា ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុល សាធារណៈជាបន្តបន្ទាប់ ជាពិសេស គោលការណ៍គន្លឹះទាំង ៥ សំដៅបន្តពង្រឹងប្រសិទ្ធភាពខ្ពស់ ទាំងការគ្រប់គ្រងបំណុលសាធារណៈ និងទាំង ការគ្រប់គ្រងការវិនិយោគសាធារណៈ រួមមាន៖
១៖ ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន
២៖ ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះ
៣៖ ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់បីភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម
៤៖ ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធភាព ខ្ពស់បំផុត; និង
៥៖ ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានកម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែល ត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិ នៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាន នូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន, និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕