FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកពន្ធដារ ចូលរួមប្រជុំពិភាក្សា ស្តាប់បញ្ហាប្រឈម និងសំណូមពររបស់វិនិយោគិនកូរ៉េនៅកម្ពុជា ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច

03-09-2026 21:10

(ភ្នំពេញ)៖ តាមការអញ្ជើញរបស់សភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំខែរបស់សភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) ដើម្បីដឹកនាំកិច្ចពិភាក្សាដោះស្រាយបញ្ហាប្រឈម និងជំរុញការវិនិយោគកូរ៉េនៅកម្ពុជា។

នាឱកាសនោះលោក គង់ វិបុល បានគូសបញ្ជាក់ថា ជំនួបពិភាក្សាដោយផ្ទាល់ជាមួយវិនិយោគិនកូរ៉េដែលកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា គឺជាឱកាសដ៏មានសារៈសំខាន់ក្នុងការស្តាប់ និងឈ្វេងយល់ដោយផ្ទាល់ពីបទពិសោធន៍ បញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ និងបន្តលើកកម្ពស់បរិយាកាសធុរកិច្ច ភាពអាចប៉ាន់ប្រមាណបាន និងការវិនិយោគនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។

លោក គង់ វិបុល បានបន្តថា ក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ រដ្ឋបាលសារពើពន្ធកម្ពុជាបានធ្វើទំនើបកម្ម និងផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីការបំពេញបែបបទដោយដៃ មកជាប្រព័ន្ធឌីជីថល និងការទទួលសេវាអ្នកជាប់ពន្ធតាមអនឡាញ ដូចជា e-Filing, e-Payment, e-Administration និងប្រព័ន្ធ-កម្មវិធីផ្សេងៗជាច្រើន ដើម្បីបង្កើនប្រសិទ្ធភាព ភាពងាយស្រួល និងតម្លាភាពក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ ស្របតាមឧត្តមានុវត្តន៍ជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងសមិទ្ធផលជាច្រើននេះ លោកក៏បានលើកឡើងពីការអភិវឌ្ឍប្រព័ន្ធ GDT HomeTax ដែលបានសិក្សា និងដកស្រង់បទពិសោធន៍ពីប្រព័ន្ធ Home Tax របស់រដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ ជាផ្នែកមួយនៃការបន្តធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធកម្ពុជា ដើម្បីបង្កើនភាពងាយស្រួលជូនដល់អ្នកជាប់ពន្ធ និងបន្តលើកកម្ពស់តម្លាភាពនៃរដ្ឋបាលសារពើពន្ធបន្ថែមទៀត។

លោក គង់ វិបុល បានជម្រាបបន្ថែមថា កិច្ចខិតខំក្នុងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធនាពេលកន្លងមក មិនត្រឹមតែផ្តោតសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែគឺធ្វើឡើងក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព ភាពងាយស្រួល និងភាពអាចប៉ាន់ប្រមាណបានក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ ដែលជាកត្តាសំខាន់ក្នុងការចូលរួមពង្រឹងទំនុកចិត្តរបស់វិស័យឯកជន និងលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា។

ក្នុងកិច្ចប្រជុំនេះលោក គង់ វិបុល រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ បានស្តាប់ដោយផ្ទាល់នូវបញ្ហាប្រឈមជាក់ស្តែង និងសំណូមពរមួយចំនួនពីសំណាក់ធុរជនកូរ៉េ ដែលក្នុងនោះរួមមាន ការបង្វិលសងអាករលើតម្លៃបន្ថែម (VAT Refund), ប្រព័ន្ធអេឡិចត្រូនិកពន្ធដារ, ការអនុវត្តនីតិវិធីការងារពាក់ព័ន្ធនឹងពន្ធដារជាដើម។

ជាការឆ្លើយតបលោក គង់ វិបុល រួមជាមួយក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ បានផ្តល់ការបំភ្លឺនិងឆ្លើយតបនូវរាល់បញ្ហាប្រឈម និងសំណូមពរទាំងនោះ ដោយពន្យល់ដោយផ្ទាល់លើចំណុចនីមួយៗដែលបានលើកឡើង ព្រមទាំងបានទទួលយកដោយបើកចំហនូវធាតុចូលសំខាន់ៗដែលត្រូវបានលើកឡើង ដើម្បីយកទៅពិនិត្យ និងពិចារណាបន្ថែម សំដៅបន្តកែលម្អនីតិវិធី និងធ្វើឱ្យការផ្តល់សេវាជូនអ្នកជាប់ពន្ធកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់វិស័យឯកជន និងរួមចំណែកពង្រឹងទំនុកចិត្តរបស់វិនិយោគិនចំពោះបរិយាកាសធុរកិច្ចនៅកម្ពុជា។

ក្នុងឱកាសនេះកិច្ចប្រជុំនេះដែរលោក គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានអញ្ជើញជាអធិបតីក្នុងការរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខ័ណ្ឌជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានចុះហត្ថលេខាដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោក គីម សឹង ស៊ូ (Kim Seong Su) ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) ដោយមានការអញ្ជើញចូលរួមជាសក្ខីភាពពីអនុប្រធាន និងសមាជិកនៃសភាពាណិជ្ជកម្មទាំងពីរផងដែរ៕